(ម៉ូស្គូ)៖ រុស្ស៊ី បានចាប់ផ្តើមផលិតជម្រកការពារគ្រាប់បែកចល័ត ដែលអាចការពារមនុស្ស ពីការគំរាមកំហែងជាច្រើន រួមទាំងរលកឆក់ (Shock wave) វិទ្យុសកម្ម និងគ្រោះថ្នាក់ផ្សេងៗ។ ជម្រកនេះមានឈ្មោះថា KUB-M អាចផ្តល់ការការពាររយៈពេល ៤៨ម៉ោង និងអាចផ្ទុកមនុស្សបាន ៥៤នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

វិទ្យាស្ថានស្រាវជ្រាវរបស់ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ី បានបញ្ជាក់ថា ជម្រកនេះអាចការពារប្រជាជនពីគ្រោះថ្នាក់ដូចជា ការផ្ទុះ ការដួលរលំអគារ សារធាតុគីមី និងអគ្គីភ័យ។ វាក៏អាចប្រើប្រាស់បានក្នុងគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់ដែលបង្កឡើងដោយមនុស្សផងដែរ។

វិទ្យាស្ថានស្រាវជ្រានេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជក្រមចល័តគឺជារចនាសម្ព័ន្ធពហុមុខងារដែលផ្តល់ការការពារ សម្រាប់មនុស្សពីការគំរាមកំហែងផ្សេងៗរួមទាំងគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់ដែលបង្កើតឡើងដោយមនុស្ស ... ជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកែលម្អសុវត្ថិភាពរបស់ប្រជាពលរដ្ឋ»

គួរបញ្ជាក់ថា ការផលិតជម្រកនេះ ធ្វើឡើងក្នុងបរិបទដែលមានភាពតានតឹងខ្ពស់ រវាងរុស្ស៊ី និងលោកខាងលិច ជុំវិញសង្រ្គាមនៅអ៊ុយក្រែន និងការប្រកាសគោលលទ្ធិនុយក្លេអ៊ែរថ្មី របស់លោក ពូទីន។ អ្នកវិភាគខ្លះជឿថា នេះអាចជាការឆ្លើយតបរបស់រុស្ស៊ី ទៅនឹងការសម្រេចចិត្តរបស់អាមេរិក ក្នុងការផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន និងការព្រួយបារម្ភអំពីការកើនឡើង នៃសកម្មភាពយោធានៅក្នុងតំបន់៕