(វ៉ាស៊ីនតោន)៖ សេតវិមានបានប្រកាសថា សហរដ្ឋអាមេរិកមិនមានការភ្ញាក់ផ្អើល ចំពោះការប្រកាសរបស់រុស្ស៊ី អំពីការផ្លាស់ប្តូរគោលលទ្ធិនុយក្លេអ៊ែរ និងមិនមានគម្រោងកែសម្រួលឥរិយាបថនុយក្លេអ៊ែររបស់ខ្លួន ជាការឆ្លើយតបនោះទេ។ នេះបើយោងតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ ចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដូចដែលយើងបាននិយាយកាលពីដើមខែនេះ យើងមិនភ្ញាក់ផ្អើលនឹងការប្រកាសរបស់រុស្ស៊ីថា ខ្លួននឹងធ្វើបច្ចុប្បន្នភាពគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួនឡើយ... យើងមិនបានឃើញហេតុផលណាមួយដើម្បីកែសម្រួលឥរិយាបថ ឬគោលលទ្ធិនុយក្លេអ៊ែរផ្ទាល់ខ្លួនរបស់យើង ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់រុស្ស៊ីនៅថ្ងៃនេះទេ»។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសកែប្រែគោលលទ្ធិនុយក្លេអ៊ែរ ដែលអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីមានការវាយប្រហារធម្មតា ដែលគ្រាន់តែគំរាមកំហែងដល់បូរណភាពទឹកដី ឬអធិបតេយ្យភាពរបស់ខ្លួន។ គោលលទ្ធិថ្មីនេះបានបន្ថយកម្រិតនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ បើប្រៀបធៀបទៅនឹងគោលលទ្ធិឆ្នាំ ២០២០ ដែលអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរ តែក្នុងករណីមានការវាយប្រហារនុយក្លេអ៊ែរ ឬការវាយប្រហារធម្មតាដែលគំរាមកំហែងដល់អត្ថិភាពនៃរដ្ឋប៉ុណ្ណោះ។
ការប្រកាសរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិកជាលើកដំបូង ដើម្បីវាយប្រហារទៅក្នុងទឹកដីរុស្ស៊ី ក្នុងសង្គ្រាម ១,០០០ថ្ងៃ៕