(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា បានអះអាងចំនួនកងទ័ពកូរ៉េខាងជើងដែលឈរជើងនៅក្នុងប្រទេសរុស្ស៉ី អាចនឹង កើនដល់ ១០០ ០០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីក្រុងកៀវ និងលោកខាងលិច បានឱ្យដឹងថាកូរ៉េខាងជើងបានផ្គត់ផ្គង់អាវុធ និងកងទ័ព ដើម្បីគាំទ្រដល់សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ថ្លែងទៅកាន់សភាអឺរ៉ុប តាមរយៈ វីដេអូខុនហ្វេរិន លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន លោក ពូទីន បានបញ្ជូនកងទ័ពកូរ៉េខាងជើង ១១ ០០០នាក់ទៅកាន់តំបន់ក្បែរព្រំដែនអ៊ុយក្រែន ហើយចំនួន កងទ័ពអាចនឹងកើនដល់ ១០០ ០០០នាក់»។
គួរបញ្ជាក់ថា ចារកម្មកូរ៉េខាងត្បូងកាលពីសប្ដាហ៍មុន បាននិយាយថាកងទ័ពកូរ៉េខាងជើងបានចាប់ផ្ដើមចូលរួមក្នុងសមរភូមិប្រយុទ្ធហើយ ដើម្បីជួយកងទ័ពរុស្ស៉ី ប្រយុទ្ធប្រឆាំងនឹង កងទ័ពអ៊ុយក្រែន៕