(កូប៉ិនហាក)៖ នាយករដ្ឋមន្រ្តី លោកស្រី Mette Frederiksen បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធា របស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែវិច្ឆកា ឆ្នាំ ២០២៤។

លោកស្រី Frederiksen បាននិយាយក្នុងសន្និសីទសារព័ត៌មាន រួមជាមួយលោក ហ្សេលេនស្គី ដូច្នេះថា «ថវិកាជាង ១៣០លានអឺរ៉ូ ឬ ១៣៨លានដុល្លារ ត្រូវចាក់បញ្ចូលទៅក្នុងឧស្សាហកម្មការពារជាតិអ៊ុយក្រែន។ ដោយសារតែយើងដឹងថា ការវិនិយោគទាំងនេះ នឹងធ្វើឱ្យមានភាពខុសគ្នាពិតប្រាកដ នៅលើសមរភូមិ។ គ្មានអ្វីប្រែប្រួលទេ ការគាំទ្ររបស់យើងគឺយូរអង្វែង»។ ដោយឡែក លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែន និងដាណឺម៉ាក បានបង្កើតគំរូពិសេសមួយ សម្រាប់នាំយកការវិនិយោគពីប្រទេសផ្សេងៗទៀត។ ប្រទេសអឺរ៉ុបខាងជើងទាំងអស់បានចូលរួមរួចហើយ គឺច្រើនជាងមួយពាន់លានដុល្លារ តាមរយៈការវិនិយោគដោយដៃគូ នៅក្នុងឧស្សាហកម្មការពារជាតិអ៊ុយក្រែន។ កម្មវិធីនេះ បានពង្រីកការផលិតយន្តហោះដ្រូន មីស៉ីល និងកាំភ្លើងធំ។

គួរបញ្ជាក់ថា ដាណឺម៉ាក ដែលជាសមាជិកអង្គការណាតូ គឺជាអ្នកផ្តល់ជំនួយយោធាធំមួយរបស់អ៊ុយក្រែន ដោយជំនួយភាគច្រើនផ្តោតលើឧស្សាហកម្មអាវុធតែម្តង៕