(សេអ៊ូល)៖ សមាជិកសភាកូរ៉េខាងត្បូង បាននិយាយថា កងទ័ពកូរ៉េខាងជើងប្រហែល ១០,៩០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ជាផ្នែកមួយនៃអង្គភាពទ័ពឆត្រយោង និងកងម៉ារីនរបស់រុស្ស៉ី ដោយមួយចំនួនបានចូលរួម ក្នុងសមរភូមិសង្គ្រាមអ៊ុយក្រែនរួចហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ផ្អែកលើប្រភពពីទីភ្នាក់ស៉ើបការណ៍សម្ងាត់ជាតិ (NIS) សមាជិកគណៈកម្មាធិការស៉ើបការណ៍សម្ងាត់នៃសភា លោក Lee Seong-kweun បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កូរ៉េខាងជើង ក៏បានដឹកជញ្ជូនអាវុធបន្ថែម សម្រាប់សង្គ្រាមអ៊ុយក្រែន រួមទាំងប្រព័ន្ធកាំភ្លើងធំ howitzer និងប្រព័ន្ធបាញ់រ៉ុក្កែតជាច្រើនគ្រឿងផងដែរ។ លោកបន្ថែមថា ទីភ្នាក់ងារចារកម្ម នៅតែព្យាយាមកំណត់ចំនួនពិតប្រាកដ នៃទាហានកូរ៉េខាងជើងដែលបានស្លាប់ និងថាតើមានអ្នកសុំចុះចាញ់ឬទេ អំឡុងពេលប្រយុទ្ធគ្នា។

បើតាមសមាជិកគណៈកម្មាធិការស៉ើបការណ៍សម្ងាត់មួយរូបទៀត គឺលោក Park Sun-won ជំនួបរវាងលោក ពូទីន និងរដ្ឋមន្រ្តីការបទេសកូរ៉េខាងជើង លោកស្រី Choe Son Hui នៅទីក្រុងមូស្គូ ក្នុងខែនេះ ទំនងជាលើសពីការរ៉ាក់ទាក់ធម្មតា ហើយ​អាចគ្រប់ដណ្តប់លើបញ្ហា​សំខាន់ៗ​ រួម​ទាំង​លទ្ធភាពដំណើរទស្សនកិច្ច នៃមេដឹកនាំ ​លោក គីម ជុងអ៊ុន ទៅ​កាន់​ប្រទេស​រុស្ស៉ីម្តងទៀត៕