(វ៉ាស៉ីនតោន)៖ ប្រភពពីមន្រ្តីអាមេរិក បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចយល់ព្រមចំពោះការផ្តល់ គ្រាប់មីនប្រភេទប្រឆាំងមនុស្ស ឱ្យទៅអ៊ុយក្រែន ខណៈវាអាចនឹងជួយទីក្រុងកៀវ បន្ថយល្បឿននៃភាពរីកច្រើនរបស់កម្លាំងរុស្ស៉ី នៅឯ​តំបន់សមរភូមិភាគខាងកើតប្រទេសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

មន្រ្តីខាងលើបានបន្តថា សហរដ្ឋអាមេរិករំពឹងថា អ៊ុយក្រែននឹងប្រើប្រាស់គ្រាប់មីនទាំងនោះ នៅក្នុងទឹកដីរបស់ខ្លួន ហើយអ៊ុយក្រែន ក៏បានសន្យាផងដែរថា នឹងមិនប្រើប្រាស់ពួកវា នៅក្នុងតំបន់ ដែលមានប្រជាជនស៉ីវិលរស់នៅឡើយ។ ក្នុងសង្រ្គាមប៉ុន្មានឆ្នាំមកនេះ អាមេរិកបានផ្តល់ឱ្យអ៊ុយក្រែន នូវគ្រាប់មីនប្រភេទប្រឆាំងរថក្រោះជាច្រើន ក៏ប៉ុន្តែបើតាមមន្រ្តីអាមេរិករូបនោះ ការយល់ព្រមឱ្យគ្រាប់មីនប្រឆាំងមនុស្សនេះ គឺមានគោលដៅចម្បង ជួយអ៊ុយក្រែនទប់ទល់ការរុលទៅមុខ នៃកងទ័ពថ្មើរជើងរុស្ស៉ី។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ៊ុយក្រែនបានប្រើមីស៉ីលរយៈចម្ងាយឆ្ងាយ ATACMS របស់អាមេរិក វាយប្រហារចូល​ទៅក្នុងទឹកដីរុស្ស៉ី បន្ទាប់ពីទទួលបានការអនុញ្ញាតប្រើប្រាស់ ពីសំណាក់រដ្ឋបាលលោក បៃដិន ដែលនឹងត្រូវចាកចេញពីអំណាចនៅ​ដើមឆ្នាំក្រោយ។ ទីក្រុងមូស្គូបាននិយាយថា ការអនុញ្ញាតរបស់ទីក្រុងវ៉ាស៉ីនតោន គឺជាសញ្ញាយ៉ាងច្បាស់បង្ហាញថា លោកខាងលិច មានបំណងចង់បង្កើនជម្លោះ។ ក្នុងថ្ងៃដដែលនោះ ជាការព្រមានដល់ក្រុមលោកខាងលិច ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក៏បានប្រកាសពង្រីកបន្ថែមនូវលក្ខខណ្ឌ ដែលរុស្ស៉ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕