(កៀវ)៖ នាថ្ងៃពុធនេះ សហរដ្ឋអាមេរិក បានបិទទ្វារស្ថានទូតរបស់ខ្លួនជាបណ្តោះអាសន្ន នៅទីក្រុងកៀវ ក្រោមហេតុផលថា ខ្លួនទទួលបានព័ត៌មានជាក់លាក់ ស្តីពីលទ្ធភាពនៃការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាស ហើយបានណែនាំឱ្យពលរដ្ឋអាមេរិក​ទាំងអស់នៅអ៊ុយក្រែន រកកន្លែងជ្រកកោនសុវត្ថិភាពឱ្យបានឆាប់រហ័ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

ស្ថានទូតអាមេរិកបានប្រកាសយ៉ាងដូច្នេះថា «ដើម្បីជាការប្រុងប្រយ័ត្នទុកជាមុន ស្ថានទូតនឹងត្រូវបិទទ្វារ ហើយបុគ្គលិកស្ថានទូត កំពុងត្រូវបានណែនាំឱ្យជ្រកកោននៅកន្លែងសុវត្ថិភាព។ ស្ថានទូតអាមេរិកសូមណែនាំឱ្យពលរដ្ឋអាមេរិកទាំងអស់ ត្រៀមលក្ខណៈ ដើម្បីរកកន្លែងជ្រកកោនសុវត្ថិភាពភ្លាមៗ ក្នុងករណីស៉ីរ៉ែនប្រកាសអាសន្ន អំពីការវាយប្រហារតាមផ្លូវអាកាស ត្រូវបានបន្លឺឡើង»។ ទន្ទឹមគ្នានេះ ស្ថានទូតអាមេរិកប្រចាំទីក្រុងកៀវ បានទទូចឱ្យពលរដ្ឋអាមេរិកនៅអ៊ុយក្រែន បម្រុងទុកនូវទឹក ស្បៀងអាហារ ក៏ដូចជា​របស់របរចាំបាច់ផ្សេងទៀត ដូចជាថ្នាំពេទ្យជាដើម ដើម្បីត្រៀមសម្រាប់ករណី មានការដាច់ចរន្តអគ្គិសនីនិងទឹក ដែលអាចកើតឡើង ដោយសារការវាយប្រហាររបស់រុស្ស៉ី។

គួរបញ្ជាក់ថា ការព្រមានខុសពីធម្មតាខាងលើនេះធ្វើឡើង មួយថ្ងៃបន្ទាប់ពីអ៊ុយក្រែន បានប្រើប្រាស់មីស៉ីលរយៈចម្ងាយឆ្ងាយ ATACMS របស់សហរដ្ឋអាមេរិក វាយប្រហារចូលទៅក្នុងទឹកដីរបស់រុស្ស៉ី ក្រោយទើបទទួលបានការអនុញ្ញាត ពីសំណាក់​រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ កាលពីខែតុលា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូកំពុងពិចារណាលើមធ្យោបាយជាច្រើន ដើម្បីឆ្លើយតប ប្រសិនបើទីក្រុងវ៉ាស៉ីនតោន បើកដៃឱ្យអ៊ុយក្រែនវាយប្រហារជ្រៅ ចូលទៅក្នុងប្រទេស​រុស្ស៉ី ដោយប្រើប្រាស់សព្វាវុធរបស់លោកខាងលិច។ រីឯកាលថ្ងៃអង្គារសប្តាហ៍នេះ លោក ពូទីន បានប្រកាស​ពង្រីកបន្ថែមនូវលក្ខខណ្ឌ ដែលរុស្ស៉ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរបាន ខណៈប្រការនេះកំពុងបង្កើនហានិភ័យនុយក្លេអ៊ែរកាន់តែខ្លាំង ចំពោះមុខការកើនឡើងភាពតានតឹងរវាងរុស្ស៉ី និងលោកខាងលិច៕