(ប៉េកាំង)៖ ថ្ងៃទី១៦ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារ ជាមួយលោក Biden ប្រធានាធិបតីអាមេរិកនៅទីក្រុង Lima នៃប្រទេសប៉េរូ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានធ្វើកិច្ចប្រាស្រ័យទាក់ទងយ៉ាងស្មោះត្រង់ ស៊ីជម្រៅនិងប្រកបដោយលក្ខណៈស្ថាបនា ជុំវិញទំនាក់ទំនងចិន-អាមេរិកនិងបញ្ហាអន្តរជាតិនិងតំបន់។
លោក Xi Jinping ប្រធានរដ្ឋចិនបានបូកសរុបបទពិសោធន៍ និងការបំផុសគំនិត៧ចំណុច នៃការអភិវឌ្ឍទំនាក់ទំនង រវាងចិននិងអាមេរិក ក្នុងរយៈពេល៤ឆ្នាំកន្លងមក ដោយគូសបញ្ជាក់ថា ភាគីចិនបានប្រកាន់ខ្ជាប់នូវ "ការមិនកែប្រែចំនួន៤" ហើយរីករាយ បន្តរក្សាការសន្ទនាគ្នា ពង្រីកកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតជាមួយភាគីអាមេរិក ដើម្បីបន្តនិន្នាការស្ថិរភាព នៃទំនាក់ទំនងរវាងចិននិងអាមេរិកដែលទទួលបានមកដោយមិនងាយស្រួល។ ព្រមពេលជាមួយគ្នានេះ ភាគីទាំងពីរ ក៏មិនបានបញ្ច្រៀសពីការខ្វែងគំនិតដែរ។
លោក Xi Jinping ប្រធានរដ្ឋចិនបានអធិប្បាយយ៉ាងស៊ីជម្រៅ អំពីគោលជំហរជាគោលការណ៍របស់ភាគីចិន លើបញ្ហាសំខាន់ៗ។ លោក Biden ប្រធានាធិបតីអាមេរិកបានរំលឹកឡើងវិញ នូវពាក្យសន្យាផ្នែកនយោបាយរបស់ភាគីអាមេរិក ដូចជាមិនស្វែងរក "សង្រ្គាមត្រជាក់ថ្មី" ជាមួយប្រទេសចិន និងមិនគាំទ្រឱ្យ "តៃវ៉ាន់ឯករាជ្យ" ជាដើម។
ក្នុងរយៈពេល៤ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងចិននិងអាមេរិកបានជួបប្រទះនឹងការឡើងចុះ ប៉ុន្តែសម្រេចបាននូវស្ថិរភាពជាទូទៅ។ ភាគីទាំងពីរបានស្ដារឡើងវិញនិងបង្កើតជាថ្មី នូវយន្តការប្រាស្រ័យទាក់ទងចំនួនជាង២០ ហើយទទួលបានសមិទ្ធផលវិជ្ជមាន ក្នុងវិស័យការទូត សន្តិសុខ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម យោធា ការបង្រ្កាបគ្រឿងញៀន និងវប្បធម៌មនុស្សជាតិជាដើម។
ក្នុងកិច្ចជំនួបលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានបូកសរុបនូវបទពិសោធន៍ និងការបំផុសគំនិត៧ចំណុច រួមមាន៖ ត្រូវមានការយល់ដឹងជាយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ ត្រូវគោរពពាក្យសន្យានិងអនុវត្តតាមពាក្យសន្យា ត្រូវរាប់អានគ្នាដោយស្មើភាព មិនបំពានលើខ្សែបន្ទាត់ក្រហម ត្រូវធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការឱ្យបានច្រើន ត្រូវឆ្លើយតបទៅនឹងការរំពឹងទុក របស់ប្រជាជន និងត្រូវបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំ។ ប្រការទាំងនេះ សុទ្ធតែជាសេចក្តីសង្ខេបនៃបទពិសោធន៍ បន្ទាប់ពីបានបង្កើត ទំនាក់ទំនងការទូតរវាងចិននិងអាមេរិក អស់រយៈពេល៤៥ឆ្នាំមក ដែលពាក់ព័ន្ធនឹងបញ្ហាគន្លឹះដូចជា តើភាគីអាមេរិកគួរចាត់ទុកប្រទេសចិនយ៉ាងដូចម្តេច តើភាគីទាំងពីរគួរ ធ្វើការប្រាស្រ័យទាក់ទង ដោយស្មើភាពយ៉ាងដូចម្តេច តើភាគីទាំងពីរគួរគ្រប់គ្រងការខ្វែងគំនិតនិងរួមគ្នា រ៉ាប់រងទំនួលខុសត្រូវសកលយ៉ាងដូចម្តេចជាដើម ដែលបានតម្រង់ទិសដៅ យ៉ាងច្បាស់លាស់ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក។
ទន្ទឹមនឹងនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា គោលដៅរបស់ភាគីចិនស្តីពីការធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យទំនាក់ទំនងរវាងចិននិងអាមេរិក ទទួលការអភិវឌ្ឍ ប្រកបដោយស្ថិរភាព ភាពល្អបរិសុទ្ធនិងនិរន្តរភាពមិនបានកែប្រែ គោលការណ៍សម្រាប់ដោះស្រាយ ទំនាក់ទំនងរវាងចិននិងអាមេរិក ដោយអនុលោមតាមការគោរពគ្នាទៅវិញទៅមក ការរួមរស់នៅដោយសន្តិភាព និងការធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនបានកែប្រែ គោលជំហរស្តីពីការគាំពារយ៉ាងមុតមាំ នូវអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍ របស់ខ្លួន មិនបានកែប្រែ ហើយបំណងប្រាថ្នាស្តីពីការបន្តពង្រឹង និងពង្រីកចំណងមិត្តភាពប្រពៃណីរវាងប្រជាជនចិន និងអាមេរិកក៏មិនបានកែប្រែដែរ។
"ការមិនបានកែប្រែទាំង៤" នេះបានឆ្លុះបញ្ចាំងពីភាពទទួលខុសត្រូវ និងបេសកកម្មរបស់ភាគីចិន ក្នុងការគាំពារផលប្រយោជន៍ជាស្នូល របស់ប្រជាជននៃប្រទេសទាំងពីរ និងគាំពារសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ក៏ដូចជាបានបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំ។
ផ្ទុយទៅវិញ មនុស្សមួយចំនួនរបស់ភាគីអាមេរិកបានប្រកាន់ខ្ជាប់នូវគំនិតសង្រ្គាមត្រជាក់ ចាត់ទុកប្រទេសចិនជា "ដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រធំបំផុត" ដោយខុសឆ្គង ញុះញង់ឱ្យ "កាត់ផ្តាច់ទំនាក់ទំនង និងផ្តាច់ខ្សែសង្វាក់" និងបង្កើតរបាំងគ្រប់បែបយ៉ាង ដែលបណ្តាលឱ្យទំនាក់ទំនងរវាងចិននិងអាមេរិក ធ្លាក់ដល់កម្រិតទាបបំផុត ចាប់តាំងពីបង្កើត ទំនាក់ទំនងការទូតមក។ ការពិតបានបញ្ជាក់ម្តងហើយម្តងទៀតថា បើចិននិងអាមេរិកមានទំនាក់ទំនងល្អ នោះនឹងមានអំណោយផល ដល់ប្រទេសទាំងពីរ តែបើបដិបក្ខគ្នាវិញ នោះនឹងត្រូវខាតបង់ទាំងអស់គ្នា។ មានតែបោះបង់ចោល នូវគំនិតល្បែងផលបូកសូន្យ និងកែតម្រូវការយល់ដឹងជាយុទ្ធសាស្រ្តចំពោះប្រទេសចិន ទើបអាចអភិវឌ្ឍទំនាក់ទំនងរវាង ចិននិងអាមេរិកឱ្យបានល្អ។
"ផែនដីមានទំហំធំគ្រប់គ្រាន់សម្រាប់ ការអភិវឌ្ឍរួមគ្នានិងមានវិបុលភាពរៀងៗខ្លួន របស់ប្រទេសចិននិងអាមេរិក។ "ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ការវិវឌ្ឍរីកចម្រើននៃទំនាក់ទំនងរវាងចិននិងអាមេរិក គឺទទួលបានមកដោយមិនងាយស្រួលទេ ហើយគួរតែរួមគ្នាថែរក្សា។ ក្នុងរយៈពេលពីរខែខាងមុខ រដ្ឋាភិបាលថ្មីរបស់អាមេរិក នឹងចូលកាន់អំណាច។ សង្ឃឹមថា ភាគីទាំងពីរនឹងប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីការគោរពគ្នាទៅវិញទៅមក រួមរស់នៅដោយសន្តិភាព និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយចាត់ទុកបទពិសោធន៍ និងការបំផុសគំនិត៧ចំណុច ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនជាការណែនាំ ដើម្បីសម្រេចបាននូវស្ថិរភាពនៃទំនាក់ទំនង រវាងចិននិងអាមេរិក ព្រមទាំងរកឃើញផ្លូវរួមរស់នៅជាមួយគ្នាដ៏ត្រឹមត្រូវ សម្រាប់ចិននិងអាមេរិកក្នុងយុគសម័យថ្មី ដើម្បីផ្តល់សុខសុភមង្គលនិងផលប្រយោជន៍ ដល់ប្រទេសទាំងពីរនិងសកលលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន