(ប៉េកាំង)៖ កិច្ចប្រជុំ G20 លើកទី១៩ ជាកិច្ចប្រជុំកំពូលនៃប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេ បានប្រារព្វឡើង នៅប្រទេសប្រេស៊ីល ដែលមានការគាំទ្រយ៉ាងខ្លាំងលើ កិច្ចសហប្រតិបត្តិការពហុភាគីនិយម ក្នុងការបើកចំហសេដ្ឋកិច្ចសាកល ដោយបណ្តាប្រទេស ក្នុងសាកលលោកភាគខាងត្បូង ។ កិច្ចប្រជុំ G20 នេះ ជាកិច្ចប្រជុំដែលបានធ្វើឡើង ក្នុងការតាមដាន ពិនិត្យ និង ដាក់ចេញនូវយន្តការសម្របសម្រួលសេដ្ឋកិច្ចរបស់សាកលលោក និង ដើម្បីបង្កើនល្បឿននៃ សេដ្ឋកិច្ចសាកលលោក។ ក្នុងកិច្ចប្រជុំនេះ អ្នកជំនាញល្បីៗនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេទាំង២០ ត្រូវបានអញ្ជើញឱ្យចូលរួមពិភាក្សា យ៉ាងល្អិតល្អន់ ដើម្បីរកឱ្យឃើញនូវបញ្ហា និង យន្តការសម្រាប់សម្របសម្រួលខឿនសេដ្ឋកិច្ចសាកល ទាំងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ស្ថិរភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធរូបិយវត្ថុអន្តរជាតិ សមាហរណកម្មពាណិជ្ជកម្មអន្តរជាតិ ការលុបបំបាត់នូវប្រព័ន្ធគាំពារនិយម សមាហរណកម្មវិនិយោគអន្តរជាតិ ការអភិវឌ្ឍសាកល និង ចំណងទាក់ទងដ៏ស្មុគស្មាញនៃមហាអំណាច។
ប្រទេសចិន ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតមួយ និង ជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេ ព្រមទាំងជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេទី២ លើសាកលលោក និង ជាប្រទេសនាំចេញទំនិញធំបំផុត នៅលើសាកលលោក ហើយក៏ជាទីតាំងមួយសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស មានតួនាទីយ៉ាងសំខាន់ក្នុងយន្តការនៃកិច្ចប្រជុំ G20 នេះលើគ្រប់វិស័យ។ ប្រទេសចិនបានដើរតួនាទីដ៏សំខាន់មួយ ដែលប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់អាចចាត់ទុកជា ខ្នងបង្អែកដ៏រឹងមាំ សម្រាប់ការពារផលប្រយោជន៍រួម នៃប្រទេសកំពុងអភិវឌ្ឍន៍។ លើសពីនេះទៀត ចិនមានតួនាទីសំខាន់ មួយទៀតដែរក្នុងនាមជាភាគីកណ្តាល សម្រាប់តំណភ្ជាប់ ជាមួយប្រទេសរីកចម្រើន ក្នុងការកសាង និង កែលម្អនៃកិច្ចសហប្រតិបត្តិការ បើកចំហសេដ្ឋកិច្ចប្រកបដោយបរិយាកាសល្អ និង មានសមធម៌។ តួនាទីមួយនេះ ក៏មានសារសំខាន់ដែរ ក្នុងការភ្ជាប់ទំនាក់ទំនងនៃខ្សែច្រវាក់ផលិតកម្ម និង ខ្សែច្រវាក់តម្លៃសាកលនៅលើសាកលលោក ទាំងប្រទេសកំពុងអភិវឌ្ឍន៍ និង ប្រទេសរីកចម្រើននានា។
នៅក្នុងកិច្ចប្រជុំលើកទី១៩ នេះ បណ្តាប្រទេសទាំងអស់បានយល់អំពីមធ្យោបាយ វិធានការ និងយន្តការ នៃការវិវត្តនិងការរីកចម្រើន នៃសេដ្ឋកិច្ចសាកលលោក ក្នុងការធានាឱ្យបាន នូវនិរន្តរភាព នៃភាពរីកចម្រើនរបស់សេដ្ឋកិច្ចសាកល ដែលអាចប្រឈមនឹងការរារាំងមួយចំនួន ដែលអាចកើតមានឡើង ដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី ដូណាល់ ត្រាំ ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និង ការគាំពារនិយម តាមរយៈការដាក់នូវរបាំងពន្ធគយខ្ពស់ជាងមុន ការយកពន្ធមិនស្មើភាពគ្នា ការដាក់របាំងនយោបាយ ដែលរារាំងទៅដល់ ការធ្វើពាណិជ្ជកម្មអន្តរជាតិ នឹងធ្វើឱ្យមានផលប៉ះពាល់ ដល់សណ្តាប់ធ្នាប់ពិភពលោក និង ផ្ទុយពីគោលការណ៍សមាហរណកម្មសេដ្ឋកិច្ចសាកល និង ខ្សែច្រវាក់តម្លៃសាកល របស់អង្គការពាណិជ្ជពិភពលោក។
ដោយមើលឃើញនូវហានិភ័យនេះ តួនាទីរបស់ចិនក្នុងយន្តការសេដ្ឋកិច្ចសាកលក្នុងបរិបទថ្មីនេះ ជាតួនាទីមួយ ដែលមិនអាចខ្វះបាន គឺពហុភាគីនិយម ដែលជាគំនិតផ្តួចផ្តើមរបស់ លោកប្រធានាធិបតី ស៊ី ជិនភីង ត្រូវបានលើកយកមកពិភាក្សា និង ទទួលបានការគាំទ្រទាំងស្រុង ដោយបណ្តាប្រទេសខាងត្បូងនៃសាកល។ ប្រទេសចិនជាប្រទេសដ៏ខ្លាំងបំផុតមួយ ក្នុងការគាំទ្រដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិសេរី អនុលោមតាមគោលការណ៍ពាណិជ្ជកម្មសេរី របស់អង្គការពាណិជ្ជកម្មពិភពលោក។
ប្រទេសទាំងអស់កំពុងតែស្ថិតនៅលើទូកនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយគ្នា ប្រសិនបើការរារាំងណាមួយ បានដាក់មកលើបណ្តាប្រទេសណាមួយ ជាពិសេសប្រទេសចិន វានឹងធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរលើ អភិបាលកិច្ចសេដ្ឋកិច្ចសាកល និង ឈានដល់ការបែកបាក់នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង មិនអាចឈានដល់ពិភពលោកមួយ សហគមន៍ជោគវាសនារួមមួយបាននោះទេ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកទាំងមូលបានរងគ្រោះខ្ទេចខ្ទាំដោយសារវិបត្តិនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការធ្លាក់នូវការចំណាយប្រើប្រាស់លើសាកលលោក ការថមថយកម្លាំងត្រូវការលើទីផ្សារ ការដួលរលំនូវវិស័យអចលនទ្រព្យ និង កើនបំណុលឯកជន វាគ្រប់គ្រាន់សម្រាប់សេដ្ឋកិច្ចសាកលរួចទៅហើយ ប្រសិនបើពិភពលោកខ្វះនូវការរួបរួមគ្នា កិច្ចសហប្រតិបត្តិការ និង ដាក់របាំងពាណិជ្ជកម្មលើគ្នាទៅវិញទៅមក វានឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួប វិបត្តិកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
ដូច្នេះ ដើម្បីរួមចំណែកក្នុងការស្រោចស្រង់សេដ្ឋកិច្ចសាកលឡើងវិញ តួនាទីរបស់ចិនក្នុងតំបន់ G20 ក៏ដូចជាសាកលលោក មិនអាចខ្វះបានទេ ហើយកិច្ចសហប្រតិបត្តិការសាកល ក៏រឹតតែមិនអាចខ្វះបាន ជាពិសេសគោលគំនិតពហុភាគីនិយម គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល គួរតែត្រូវបានយកចិត្តទុកដាក់ ថែរក្សា និង ជំរុញឱ្យមានការរីកចម្រើន ដើម្បីធានានិរន្តរភាព នៃការអភិវឌ្ឍ និង ការរីកមច្រើននៃសេដ្ឋកិច្ចសាកលោក៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា