(មូស្គូ)៖ រដ្ឋាភិបាលរុស្ស៊ី បានប្រកាសនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ីបានផ្ទេរសត្វជាង ៧០ក្បាល ក្នុងនោះរួមទាំងសត្វតោអាហ្រ្វិកមួយក្បាល និងខ្លាឃ្មុំត្នោតពីរក្បាល ដល់សួនសត្វកណ្តាលនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សត្វទាំងនោះត្រូវបានដឹកជញ្ជូនពីសួនសត្វមូស្គូ ទៅកាន់កូរ៉េខាងជើងតាមយន្តហោះ ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិរបស់រុស្ស៊ី លោក Alexander Kozlov។ រដ្ឋាភិបាលរុស្ស៊ីបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃពុធសប្តាហ៍នេះថា «សត្វទាំងនោះជាអំណោយរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដល់ប្រជាជនកូរ៉េខាងជើង»។
អំណោយនេះត្រូវបានចាត់ទុកថា ជាសញ្ញានៃមិត្តភាពរវាងរុស្ស៊ីនិងកូរ៉េខាងជើង ដែលទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំឡើង បន្ទាប់ពីលោក ពូទីន បានទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងជើងកាលពីខែមិថុនា។ ក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិដ៏សំខាន់មួយ និងបានផ្លាស់ប្តូរអំណោយផងដែរ។
ការផ្តល់អំណោយសត្វនេះ ក៏បង្ហាញពីការបន្តពង្រឹងទំនាក់ទំនង រវាងរុស្ស៊ី និងកូរ៉េខាងជើង ក្នុងបរិបទនយោបាយអន្តរជាតិដ៏ស្មុគស្មាញ ជាពិសេសក្នុងអំឡុងពេលដែលរុស្ស៊ីកំពុងរងទណ្ឌកម្មពីលោកខាងលិច ដោយសារសង្រ្គាមនៅអ៊ុយក្រែន៕