(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា បានចុះហត្ថលេខាលើក្រឹត្យមួយស្ដីពីការពង្រីកលក្ខខណ្ឌ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរឱ្យចូលជាធរមាន និងកាន់តែមានភាពទូលំទូលាយជាងមុន នៅក្រោមការសើរើឡើងវិញនូវយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់រុស្ស៉ីដែលបានធ្វើឡើងកាលពីខែកញ្ញាកន្លងទៅ។ ការចុះហត្ថលេខារបស់លោក ពូទីននេះដែរ កើតមានឡើងចំថ្ងៃដែលសង្រ្គាមអ៊ុយក្រែនឈានចូលដល់ថ្ងៃទី១០០០ និងបន្ទាប់ពីសហរដ្ឋអាមេរិកបានបើកភ្លើងបៃតងឱ្យអ៊ុយក្រែនប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារលើគោលដៅ យោធាស្ថិតនៅក្នុងទឹកដីរុស្ស៉ី។ កាន់តែអស្ចារ្យជាងនេះទៅទៀត ប៉ុន្មានម៉ោងក្រោយការប្រកាសឱ្យប្រើយុទ្ធសាស្ត្រនុយក្លេអ៊ែរថ្មីរបស់លោក ពូទីន អ៊ុយក្រែនត្រូវបានរាយការណ៍ថាបានប្រើមីស៊ីល ចម្ងាយឆ្ងាយ ATACMS ផ្ដល់ដោយសហរដ្ឋអាមេរិក ក្នុងការវាយប្រហារលើទឹកដីរុស្ស៉ីជាលើកដំបូង ក្រោយទទួលបានការអនុញ្ញាត។

ក្រុមអ្នកវិភាគលោកខាងលិចបាននិយាយថាមិនថាលោក ពូទីន កំពុងត្រៀមលក្ខណៈប្រើអាវុធនុយក្លេអ៊ែរ ដែរឬក៏យ៉ាងណានោះទេ? តែការសើរើយុទ្ធសាស្ត្រនុយក្លេអ៊ែរនៅពេលនេះគឺលោកមាន បំណងបង្ហាញទៅកាន់ពិភពលោកថារុស្ស៉ីនៅតែជាកំពូលមហាអំណាចនុយក្លេអ៊ែរដ៏ធំមួយ ហើយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនគួរតែដាក់កំហិតលើការគាំទ្ររបស់ពួកគេសម្រាប់ អ៊ុយក្រែន។ រុស្ស៉ីបានព្រមានរួចហើយថានឹងចាត់វិធានការឆ្លើយតប។ ដូច្នេះ​នៅក្រោមយុទ្ធសាស្ត្រនុយក្លេអ៊ែរថ្មី តើការប្រើអាវុធនុយក្លេអ៊ែររបស់រុស្ស៉ីមានភាពប្រាកដប្រជាកម្រិតណា?

* ​តើអ្វីទៅជាការផ្លាស់ប្ដូរ?
នៅក្រោមយុទ្ធសាស្ត្រនុយក្លេអ៊ែរថ្មី រុស្ស៉ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើទឹកដីរុស្ស៉ីដោយប្រើអាវុធធម្មតាពីសំណាក់អ៊ុយក្រែន។ ពោលគឺរាល់អំពើឈ្លានពាន ឬការវាយប្រហារប្រឆាំងនឹងរុស្ស៉ីប្រព្រឹត្តដោយរដ្ឋណាមួយទោះគ្មានអាវុធនុយក្លេអ៊ែរក៏ដោយ ប៉ុន្តែឱ្យតែមានការចូលរួម ឬត្រូវបានគាំទ្រដោយរដ្ឋមានអាវុធនុយក្លេអ៊ែរ នឹងត្រូវបានចាត់ទុកថាជា ការរួមដៃគ្នាវាយប្រហារប្រឆាំងសហព័ន្ធរុស្ស៉ី។ ក្នុងន័យនេះ រុស្ស៉ីអាចវាយប្រហារលើសមាជិក NATO ដែលកំពុងបំពាក់អាវុធឱ្យអ៊ុយក្រែន។ តាមរយៈយុទ្ធសាស្ត្រថ្មីនេះដែរ ចាប់ពីពេលនេះតទៅ រុស្ស៉ីអាចប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណីដែលខ្លួនទទួលបានច្បាស់ការអំពីការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំឆ្លងកាត់ព្រំដែនរុស្ស៉ី ដោយកងយន្ដហោះយុទ្ធសាស្ត្រ និងតាក់ទិក មីស៊ីលគ្រូស ដ្រូន និងអាវុធល្បឿនលឿនជាសំឡេង។ នៅក្រោមយុទ្ធសាស្ត្រថ្មីនេះ បេឡារុសក៏ស្ថិតនៅក្រោមការពារពីឆត្រនុយក្លេអ៊ែររុស្ស៉ីផងដែរ។

យុទ្ធសាស្ត្រនុយក្លេអ៊ែរដែលរុស្ស៉ីបានចេញផ្សាយកាលពីឆ្នាំ២០២០ បានកំណត់ត្រឹមតែថាក្រឹមឡាំងអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ តែក្នុងករណីរុស្ស៉ីរងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ឬអាវុធធម្មតា ដែលបង្កគ្រោះថ្នាក់ដល់ «អត្ថិភាពរបស់រុស្ស៉ី» តែប៉ុណ្ណោះ។

* ហេតុអ្វីរុស្ស៉ីសើរើយុទ្ធសាស្ត្រនុយក្លេអ៊ែរ?
លោកស្រី Heather Williams ជាអ្នកជំនាញខាងបញ្ហានុយក្លេអ៊ែរ មកពី Center for Strategic and International Studies ក្នុងទីក្រុងវ៉ាស៊ីនតោនយល់ថាការសើរើយុទ្ធសាស្ត្រនុយក្លេអ៊ែរ អាចបង្ហាញបានថារុស្ស៉ីកំពុងបង្កើនទ្វេដងចំពោះយុទ្ធសាស្ត្រពឹងផ្អែកលើអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីសម្លុតគំរាម និងកំញើញសត្រូវ។ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរបានធ្វើឱ្យរុស្ស៉ីទទួលបានជោគជ័យផង និងបរាជ័យផង។ ជោគជ័យ នោះគឺការសម្លុតគំរាមនុយក្លេអ៊ែររបស់លោក ពូទីន បានរារាំងមិនឱ្យ NATO ធ្វើអន្តរាគមន៍យោធាចូលជួយអ៊ុយក្រែន និងបានធ្វើឱ្យការផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែនមានភាពយឺតយ៉ាវ។ ចំណែក បរាជ័យវិញ ការសម្លុតគំរាមនុយក្លេអ៊ែរមិនបានកំញើញ ឬរារាំងមិនឱ្យ NATO បង្កើនការគាំទ្រដល់អ៊ុយក្រែន ឬក៏កុំឱ្យ NATO ពង្រីកខ្លួននោះទេ។ ឧទាហរណ៍៖ ទោះជាមានការសម្លុតគំរាម ​ប្រទេសជាសមាជិក NATO មួយចំនួននៅតែបញ្ជូនរថក្រោះ យន្ដហោះចម្បាំង F-16 ទៅឱ្យអ៊ុយក្រែន ហើយ NATO ថែមទាំងទទួលបានសមាជិក២ថ្មីបន្ថែមគឺហ្វាំងឡង់ និងស៊ុយអែតទៀតផង។

បើតាមលោកស្រី Heather Williams ការផ្លាស់ប្ដូរយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់រុស្ស៉ី អាចមានហេតុផលច្រើនយ៉ាង។ ទីមួយ៖ វាអាចមកពីរុស្ស៉ីនៅតែមើលឃើញថាការសម្លុតគំរាមកំហែងនុយក្លេអ៊ែរ នៅតែជាយុទ្ធសាស្ត្រមួយមានប្រសិទ្ធភាព ក្នុងនោះយ៉ាងហោច វាបានធ្វើឱ្យការបញ្ជូនអាវុធសំខាន់ៗរបស់លោកខាងលិចទៅឱ្យអ៊ុយក្រែនមានភាពយឺតយ៉ាវ។ ទី២៖ រុស្ស៉ីអាចគិតថាការសម្លុតគំរាម កាលពីពេលមុនៗ គឺមិនធំគ្រប់គាន់ធ្វើឱ្យគេខ្លាចរអា ក្នុងបរិបទថ្មីនៃសង្រ្គាមអ៊ុយក្រែន។ ទី៣៖ អាចមកពីលោក ពូទីន គិតថាបរិបទនៃសង្រ្គាមអ៊ុយក្រែនបានប្រែប្រួលទៅហើយ ដូច្នេះការសម្លុតគំរាម អាចនឹងកាន់តែមានប្រសិទ្ធភាព បើពង្រីកលក្ខខណ្ឌនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ម្យ៉ាងវិញទៀត ទោះជាសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីលចម្ងាយឆ្ងាយរបស់ខ្លួន វាយប្រហារ លើទឹកដីរុស្ស៉ីក៏ដោយ ក៏សម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនដូចជាអាល្លឺម៉ង់នៅតែមានការស្ទាក់ស្ទើរនៅឡើយ។ នៅត្រង់ចំណុចនេះ លោក ពូទីន អាចមើលឃើញថា NATO មានការបែកបាក់គ្នាលើ បញ្ហាមីស៊ីលរយៈចម្ងាយឆ្ងាយ ហើយលោកចង់ប្រើការសម្លុតគំរាមនៅក្រោមយុទ្ធសាស្ត្រនុយក្លេអ៊ែរថ្មីនេះ ដើម្បីដុតបញ្ឆេះការបែកបាក់គ្នានៅក្នុងចំណោមសម្ព័ន្ធ NATO និងបំផ្លាញការគំាទ្ររបស់ ពួកគេ សម្រាប់អ៊ុយក្រែន។

គួរបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវមកពីសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក បានវាយតម្លៃក្នុងឆ្នាំ២០២២ ថារុស្ស៉ីមានក្បាលគ្រាប់នុយក្លេអ៊ែរ ៤៤៧៧គ្រាប់ ហើយក្នុងនោះមាន ១៥២៥គ្រាប់ជាប្រភេទ ក្បាលគ្រាប់នុយក្លេអ៊ែរតាក់ទិក៕