(បាងកក)៖ អាជ្ញាធរបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ភ្លៀងធ្លាក់ខ្លាំងរយៈពេល ៣ថ្ងៃជាប់ៗគ្នា បង្កឱ្យមានទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ និងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ខណៈរាប់ពាន់នាក់ជម្លៀសខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ប្រធាននាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់ លោក Wasan Chaitaweewong បានប្រាប់ AFP ថា ទឹកជំនន់ឆក់យកជីវិតសិស្សម្នាក់ នៅក្នុងខេត្ត Narathiwat ខណៈដែលមនុស្សជាង ២,៧០០នាក់ផ្លាស់ទីលំនៅ។ ភ្លៀងធ្លាក់អូសបន្លាយក៏បានបង្ខំឱ្យផ្អាកសាលារៀន ក្នុងស្រុកចំនួន ៦៥កន្លែងផងដែរ។
នាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា តាមព្យាករណ៍ នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើតែទូទាំងខេត្ត Narathiwat រហូតដល់ដើមខែធ្នូ។ ទាហាន និងអ្នកស្ម័គ្រចិត្តជាង ៥០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីចែកអំណោយសង្គ្រោះ ក៏ដូចជាជួយជម្លៀសអ្នកស្រុកទៅកាន់ទីសុវត្ថិភាព។
គួរបញ្ជាក់ថា ខណៈប្រទេសថៃជួបប្រទះនឹងភ្លៀងមូសុងប្រចាំឆ្នាំ អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស កំពុងបណ្តាលឱ្យមានលំនាំអាកាសធាតុកាន់តែអាក្រក់ ដែលអាចនាំមកនូវទឹកជំនន់ធ្ងន់ធ្ងរ៕