(គូឡាឡាំពួ)៖ រដ្ឋាភិបាលម៉ាឡេស៉ី នៅថ្ងៃសុក្រនេះបានឱ្យដឹងថា មនុស្សយ៉ាងហោច៣នាក់ បានស្លាប់ និងជាង ៨០ ០០០នាក់ ត្រូវបានជម្លៀសខ្លួន ដោយសារគ្រោះទឹកជំនន់ នៅរដ្ឋមួយចំនួន ខណៈអាជ្ញាធរបានព្រមានថា រដូវភ្លៀងឆ្នាំនេះ អាចនឹងនាំមកនូវ​ការលិចលង់អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេល១ទសវត្សរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅបណ្តោយឆ្នេរភាគខាងកើតនៃឧបទ្វីបម៉ាឡេស៉ី ជាធម្មតាតែងទទួលរងគ្រោះទឹកជំនន់ អំឡុងរដូវភ្លៀង ដែលចាប់ផ្តើមពីខែតុលា ដល់ខែមីនា ជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា ក្នុងសប្តាហ៍នេះ បាននាំឱ្យមានការជម្លៀសមនុស្សទ្រង់ទ្រាយធំ ភាគច្រើននៅរដ្ឋ Kelantan ប៉ែកឦសានប្រទេស ជាប់ព្រំប្រទល់ជាមួយប្រទេសថៃ។ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ មនុស្ស៣នាក់ បានបាត់បង់ជីវិត ខណៈ ៨០ ៥៨៩នាក់ ត្រូវបានជម្លៀសទៅកាន់ មណ្ឌលជ្រកកោនបណ្តោះអាសន្នសរុប ៤៦៧កន្លែង ក្នុងរដ្ឋចំនួន៧។ ក្នុងចំណោមរដ្ឋទាំងនោះ Kelantan និង Terengganu ដែលនៅក្បែរខាងគ្នា កំពុងតែរងគ្រោះខ្លាំងជាងគេ។

គួរបញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៉ី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក Ahmad Zahid Hamidi បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា គ្រោះទឹកជំនន់លើកនេះ អាចនឹងមានសភាពធ្ងន់ធ្ងរជាង កាលពីឆ្នាំ២០១៤ទៅទៀត នៅពេលដែលមនុស្សសរុបជិត ២៥០,០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ៕