(គូឡាឡាំពួ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា បាននិយាយថាប្រជាជនជាង ១២២ ០០០នាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្ដោះអាសន្ន ខណៈគ្រោះទឹកជំនន់ដ៏សម្បើមមួយដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារបណ្ដារដ្ឋនៅភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ចំនួនអ្នកជម្លៀសខ្លួននៅពេលនេះ គឺមានច្រើនជាងចំនួនប្រជាជន ១១៨ ០០០នាក់ដែលត្រូវបានបង្ខំឱ្យជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព អំឡុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតនៅម៉ាឡេស៊ី កាលពីឆ្នាំ២០១៤។ បើតាមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយម៉ាឡេស៊ី មកទល់នឹងរសៀលថ្ងៃសៅរ៍នេះ មានមនុស្ស៤នាក់បានស្លាប់ នៅទូទាំងរដ្ឋ Kelantan, Terengganu និងរដ្ឋ Sarawak។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមធ្លាក់ នៅតាមបណ្ដារដ្ឋនៅភាគខាងជើងនៃប្រទេសម៉ាឡេស៊ី កាលពីដើមសប្ដាហ៍នេះមកម្ល៉េះ។ គ្រោះទឹកជំនន់គឺជាគ្រោះធម្មជាតិដែលកើតឡើងស្ទើររៀងរាល់ ឆ្នាំ នៅម៉ាឡេស៊ី ដោយសារឥទ្ធិពលរដូវមូសុង ដែលតែងតែនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង​ចាប់ពីខែវិច្ឆិកា ដល់ខែមីនា៕