(វ៉ាស៉ីនតោន)៖​ ប្រធានាធិបតីអាមេរិក លោក ចូ​ បៃដិន​ បាននិយាយថា រដ្ឋបាលរបស់លោកកំពុងធ្វើការជាមួយ FBI ដើម្បីដោះស្រាយបញ្ហាដែលថាមានគំរាមកំហែង​ ឬបញ្ឆោតថាមានគ្រាប់បែកជាដេីម​ ដោយផ្តោតលេី​សមាជិកសភា និងសមាជិកគណៈរដ្ឋមន្ត្រីជាច្រើនរូបរបស់ប្រធានាធិបតីជាប់ឆ្នោត លោក​ ដូណាល់​ ត្រាំ។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី៣០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤។

លោក​ Rep. Seth Magaziner សមាជិកសភាបក្សប្រជាធិបតេយ្យ​ មកពីរដ្ឋ Rhode Island បាននិយាយកាលពីថ្ងៃសុក្រថា លោកត្រូវបានគេគំរាមថាមានគ្រាប់បែកនៅផ្ទះរបស់លោក​ មួយថ្ងៃបន្ទាប់ពីសមាជិកសភាប្រជាធិបតេយ្យ​ ៦រូបទៀតមកពីរដ្ឋ​ Connecticut ក៏បានរាយការណ៍ពីការគំរាមកំហែងស្រដៀងគ្នានេះដែរ។ ប៉ុន្តែនៅក្នុងករណីនីមួយៗ​ កងកម្លាំងអនុវត្តច្បាប់មិនបានរកឃើញភស្តុតាងនៃគ្រឿងផ្ទុះនោះទេ។

ដោយឡែក​ លោក​ Pete Hegseth ដែលលោក ត្រាំ​ ជ្រេីសរេីសឱ្យធ្វេីជារដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងលោក Lee Zeldin ដែលនឹងត្រូវដឹកនាំទីភ្នាក់ងារការពារបរិស្ថាន​ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេកំណត់គោលដៅដោយការគំរាមកំហែងគ្រាប់បែក និងការប៉ុនប៉ងវាយប្រហារ​ កាលពីថ្ងៃអង្គារ និងថ្ងៃពុធកន្លងទៅ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Nantucket រដ្ឋ Massachusetts ជាកន្លែងដែលលោកកំពុងចំណាយពេលថ្ងៃឈប់សម្រាកបុណ្យ Thanksgiving លោក បៃដិន​ និយាយថា​ លោកនឹងនិយាយជាមួយ​ លោក​ត្រាំ​ ម្តងទៀតជុំវិញបញ្ហានេះអំឡុងពេលផ្ទេរអំណាច។

គួរបញ្ជាក់ថា ករណី Swatting ដែលសំដៅលើសកម្មភាពបន្លំប្តឹងប៉ូលិសឱ្យចុះអន្តរាគមន៍ផ្ទះប្រជាពលរដ្ឋ គឺជារឿងធម្មតានៅអាមេរិក ហើយត្រូវបានគេមើលឃើញថា កើតឡើងច្រើនលើឥស្សរជននយោបាយជាន់ខ្ពស់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕