(បាងកក)៖ អ្នកនាំពាក្យក្រសួងការពារជាតិថៃ បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ កងទ័ពជើងទឹកនៃប្រទេសមីយ៉ាន់ម៉ា បានបាញ់ប្រហារមកលើ ទូកនេសាទថៃមួយក្រុម ជាហេតុបង្កឱ្យអ្នកនេសាទម្នាក់លង់ទឹកស្លាប់ ហើយបានឃាត់ខ្លួន៣១នាក់ផ្សេងទៀត នៃទូកនេសាទមួយក្នុងចំណោមនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការពារជាតិថៃ បាននិយាយថា ទូកនេសាទ២គ្រឿង ក្នុងចំណោម១៥គ្រឿង បានរងការបាញ់ប្រហារ បន្ទាប់ពីពួកគេបានធ្វើសកម្មភាព នៅចម្ងាយចន្លោះ ជាង៧-១០គីឡូម៉ែត្រ ក្នុងដែនទឹករបស់មីយ៉ាន់ម៉ា។ អ្នកនេសាទ ៣នាក់ បានលោតចូលទៅក្នុងទឹក អំឡុងឧ​ប្បត្តិហេតុនោះ ហើយម្នាក់ក៏បានលង់ទឹកស្លាប់ ខណៈ២នាក់ទៀត ត្រូវបានជួយសង្រ្គោះដោយ កងទ័ពជើងទឹកថៃ។ ទូកនេសាទថៃ១គ្រឿង ដែលផ្ទុកអ្នកនេសាទ៣១នាក់ ត្រូវបានកងទ័ពជើងទឹកមីយ៉ាន់ម៉ាឃាត់ទុក។ បើ​តាមអ្នកនាំពាក្យខាងលើ កងទ័ពជើងទឹកថៃ កំពុងស្ថិតក្នុងការចរចា ដើម្បីធានាការដោះលែងពួកគេមកវិញ។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រសួងការបរទេសថៃ ខាងក្រសួងក៏កំពុងសហការជាមួយអាជ្ញាធរនៅមីយ៉ាន់ម៉ាផងដែរ ដើម្បីព្យាយាមសម្រេចឱ្យបាន ការដោះលែងអ្នកនេសាទថៃទាំងនោះ ព្រមទាំងវាយតម្លៃថា តើមានការបំពានច្បាប់អន្តរជាតិណាមួយ កើតឡើងដែរឬអត់។ ដោយឡែក មន្ទីរនេសាទថៃ នៅខេត្ត Ranong ភាគខាងត្បូង ដែលមានព្រំប្រទល់សមុទ្រ ជាប់ជាមួយមីយ៉ាន់ម៉ា បានទទូចឱ្យទូកនេសាទថៃទាំងឡាយ មានការប្រុងប្រយ័ត្នខ្ពស់ ពេលធ្វើដំណើរ​នៅក្បែរខ្សែបន្ទាត់ព្រំដែន៕