(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតនៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា បានប្រកាសថា រូបលោកបានសម្រេចចិត្តជ្រើសរើសយក លោក Charles Kushner សម្រាប់តំណែង ឯកអគ្គរដ្ឋទូតប្រចាំប្រទេសបារាំង ក្រោយពេលលោកក្លាយជាប្រធានាធិបតីផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន BBC។

លោក Kushner គឺជាអ្នកអភិវឌ្ឍចលនទ្រព្យម្នាក់ និងជាឪពុករបស់លោក Jared Kushner ដែលត្រូវជាស្វាមីរបស់កូនស្រី លោក ត្រាំ អ្នកស្រី Ivanka Trump។ អំឡុងអាណត្តិដំបូង ជាប្រធានាធិបតីអាមេរិក (២០១៧-២០២១) លោក ត្រាំ ធ្លាប់លើកលែងទោស លោក Charles Kushner ឱ្យរួចផុតពីការជាប់ពិរុទ្ធសហព័ន្ធ កាលពីឆ្នាំ២០២០។ ការជ្រើសរើសនេះ គឺហាក់ដូចជាតំណែងដំបូងគេ នៅក្នុងរដ្ឋបាលរបស់លោក ដែលលោក ត្រាំ បានប្រកាសផ្តល់ជាផ្លូវការ ឱ្យទៅសាច់ញាតិរបស់ខ្លួន ចាប់តាំងពីជាប់ឆ្នោត កាលពីខែវិច្ឆិកា។ កាលពីអំឡុងអាណត្តិទីមួយ កូនប្រសាលោក ត្រាំ គឺលោក Jared Kushner ធ្លាប់កាន់តំណែងជា ទីប្រឹក្សាជាន់ខ្ពស់ម្នាក់នៅសេតវិមាន។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ លោក ដូណាល់ ត្រាំ ក៏បានប្រកាសអំពីការជ្រើសរើសបេក្ខភាព សម្រាប់តំណែង២ផ្សេងទៀតផងដែរ គឺលោក Kash Patel ជានាយកទីភ្នាក់ងារស៉ើបអង្កេតសហព័ន្ធ FBI និងលោក Chad Chronister ជានាយកទីភ្នាក់ងារប្រយុទ្ធប្រឆាំងគ្រឿងញៀន DEA។ លោក ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក សម្រាប់អាណត្តិទី២ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៕