(ប៉េកាំង)៖ ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរ បានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។ នៅក្នុងពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ ចិនអន្តរជាតិលើកនេះ មានសហគ្រាស ស្ថាប័ននិងអង្គការអន្តរជាតិជាង ៦២០ បានចូលរួមពិព័រណ៍ ដែលបានកើនឡើងប្រហែល ២០ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកទីមួយ អនុបាតនៃសហគ្រាសបរទេស ដែលចូលរួមពិព័រណ៍លើកនេះបានកើនឡើងពី ២៦ ភាគរយក្នុងឆ្នាំ ២០២៣ ដល់ ៣២ ភាគរយក្នុងឆ្នាំនេះ ឯអនុបាតនៃសហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកបានកើនឡើង ៤២ ភាគរយបើប្រៀបធៀបនឹង ពិព័រណ៍លើកមុន។ ក្នុងចំណោមសហគ្រាសបរទេសដែលចូលរួមពិព័រណ៍លើកនេះ សហគ្រាសអាមេរិកមានចំនួនច្រើនបំផុត ហើយសហគ្រាសទុនអឺរ៉ុបនិងជប៉ុនក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ។ ទោះបីជាទំហំតាំងពិព័រណ៍នៃពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកនេះបានពង្រីកធំក៏ដោយ ក៏ប៉ុន្តែស្តង់តាំងពិព័រណ៍នៃពិព័រណ៍លើកនេះ គឺ នៅតែពិបាកទទួលបាន ។ ហេតុអ្វីបានជាពិភពលោកត្រូវការ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន ?
បើនិយាយចំពោះសហគ្រាសទុនបរទេស ជាបឋម អ្វីដែលពួកគេបានយកចិត្តទុកដាក់ គឺ ឱកាសសម្រាប់ការផ្លាស់ប្តូរ និងធ្វើកិច្ចសហប្រតិបត្តិការដែលបាននាំមកក្នុងវេទិកា "ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់" ដែលបានបង្កបង្កើតដោយប្រទេសចិន ។ ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិទីមួយនៅលើសកលលោក ដែលធ្វើឡើងក្រោមប្រធានបទ ស្តីពីខ្សែសង្វាក់ផ្គត់ផ្គង់ ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិ បានក្លាយជាផលិតផលសាធារណៈអន្តរជាតិ ដែលពិភពលោកចែករំលែកជាមួយគ្នា។ ឆ្នាំនេះ ការចូលរួមពិព័រណ៍រួមគ្នារបស់សហគ្រាសចិន និងបរទេសបានក្លាយជាចំណុចលេចធ្លោមួយ។
នាពេលបច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចសកលមានភាពទន់ខ្សោយ ប្រទេសមួយចំនួនតូចនៅតែបានឃោសនាបំប៉ោង ពី "ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច" ជាមួយប្រទេសចិនដដែល ហើយបានធ្វើការពិគ្រោះពិភាក្សា ដើម្បីដាក់ចេញនូវវិធានការគាំពារនិយម ដូចជាដំឡើងពន្ធគយជាដើមដែលបានប៉ះពាល់ដល់ ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ។ ទង្វើបែបនេះ គឺ មិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាជននោះទេ វាក៏អាចមើលឃើញពីសន្ទស្សន៍ ពាក់ព័ន្ធក្នុងការដាក់តាំងបង្ហាញជាលើកដំបូង ក្នុងពិព័រណ៍លើកនេះផងដែរ ពោលគឺ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ សន្ទស្សន៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់សកលបានកើនឡើងពី ០,២៧ ដល់ ០,៦៦ ។ ឥស្សរជនដែលចូលរួមពិព័រណ៍លើកនេះ សម្គាល់ឃើញជាទូទៅថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សន្ទស្សន៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ ពីការជំរុញការតភ្ជាប់ផ្នែកហេដ្ឋរចនាសម័្ពន្ធដល់ ការជំរុញការធ្វើឌីជីថលភាវូបនីយកម្ម និងភាពវៃឆ្លាតនៃខ្សែសង្វាក់ផ្គត់ផ្គង់ រហូតដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួន ប្រទេសចិនបាននិងកំពុងបំពេញបន្ថែមនូវ "ប្រេងរំអិល" សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់សកល។
លើសពីនេះទៅទៀត អ្វីដែលសហគ្រាសទុនបរទេសកាន់តែយកចិត្តទុកដាក់ គឺជាសមត្ថភាពរបស់ចិនក្នុងការ "តភ្ជាប់" ពិភពលោកទាំងមូល។ ក្នុងនាមជាប្រទេសធំបំផុតខាងផលិតកម្ម និងជាប្រទេសធំខាងការធ្វើពាណិជ្ជកម្មទំនិញលើ ទូទាំងពិភពលោក ប្រទេសចិនគឺជាផ្នែកដ៏សំខាន់មួយ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល ។ ប្រទេសចិនបាននាំមក នូវផលិតផល ដែលប្រកបដោយតម្លៃសមរម្យដល់អ្នកប្រើប្រាស់សកល ដើម្បីផ្តល់ការធានាដ៏សំខាន់ដល់ការដំណើរការ នៃគ្រប់ផ្នែកនៃសេដ្ឋកិច្ច។
ព្រមពេលជាមួយគ្នានេះ ប្រទេសចិនគឺជាប្រទេសមួយដែលមានប្រភេទឧស្សាហកម្មសព្វគ្រប់ជាងគេ និងមានប្រព័ន្ធល្អពេញលេញជាងគេ ក្រោមស្តង់ដានៃអង្គការសហប្រជាជាតិ ដែលបានលើកកម្ពស់ យ៉ាងលេចធ្លោនូវប្រសិទ្ធភាពប្រតិបត្តិ និងកាត់បន្ថយដើមទុនធ្វើអាជីវកម្មរបស់សហគ្រាសទុនបរទេស។
បើសម្លឹងមើលឱ្យវែងឆ្ងាយ នៅក្នុងយុគសម័យ នៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច មានតែប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការ និងការបើកទូលាយ ខាងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ទើបអាចសម្រេចបាននូវនូវការអភិវឌ្ឍឈ្នះ-ឈ្នះ ។ ប្រទេសចិនបានជំរុញយ៉ាងសកម្ម នូវការកសាងសេដ្ឋកិច្ចពិភពលោក បែបបើកចំហនិងគាំពារស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកលជាប់រហូតមក ដែលបានពង្រឹងជំនឿចិត្តរបស់សហគ្រាសទុនបរទេស ក្នុងការចូលរួមយ៉ាងសកម្ម ។ យោងតាមលទ្ធផល នៃការស្ទង់មតិរបស់ក្រុមប្រឹក្សាចិន សម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ ចំពោះសហគ្រាសទុនបរទេសជាង ៤០០ បានបង្ហាញថា សហគ្រាសដែលមានចំនួនលើសពី ៦០ ភាគរយសម្គាល់ឃើញថា គោលនយោបាយរបស់ប្រទេសចិន មានតួនាទីគាំទ្រដ៏ល្អបង្គួរ ហើយអះអាងជាទូទៅថា អាចទទួលអារម្មណ៍ពី ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់។
ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ ការអភិវឌ្ឍនិងរីកចម្រើនរបស់ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល បានជំរុញកំណើន យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចពិភពលោក ។ ប្រឈមមុខនឹងភាពមិនប្រាកដប្រជា នៅពេលអនាគត ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលកាន់តែមានភាពធន់និងភាពរស់រវើក ក៏កាន់តែមានភាពចាំបាច់ ជាងពេលណាៗទាំងអស់។ ប្រទេសចិននឹង "តភ្ជាប់" ពិភពលោកទាំងមូលដោយឥតឈប់ឈរ ដើម្បីធ្វើឱ្យខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ក្លាយទៅជា"ខ្សែសង្វាក់ឈ្នះ-ឈ្នះ"យ៉ាងពិតប្រាកដ៕
វិទ្យុមិត្តភាពកម្ពុជាចិន