(ហ្សាការតា)៖ តបតាមការអញ្ជើញរបស់ក្រសួងការបរទេសម៉ាឡេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២ ដល់ ៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី នៅឆ្នាំ២០២៥។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ អគ្គលេខាធិការអាស៊ាន ក៏នឹងចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក YAB Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីអាទិភាព និងសមិទ្ធផលដែលអាចសម្រេចបាន នៅពេលម៉ាឡេស៊ីជាធ្វើប្រធានអាស៊ាននៅឆ្នាំ២០២៥ ក្រោមមូលបទ “បរិយាប័ន្ន និង និរន្តភាព/ Inclusivity and Sustainability”។
បណ្ឌិត កៅ គឹមហួន ក៏គ្រោងជួបពិភាក្សាទ្វេភាគីជាមួយលោក Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Tengku Datuk Seri Utama Zafrul Tengku Abdul Aziz រដ្ឋមន្ត្រីវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក Dato Sri Tiong King Sing រដ្ឋមន្ត្រីទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី និងលោកស្រី YBhg. Dato’ Seri Wan Suraya Wan Mohd Radzi អគ្គសវនករម៉ាឡេស៊ី ដើម្បីផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងសម្រាប់ការត្រៀមរៀបចំខ្លួនរបស់ម៉ាឡេស៊ី សម្រាប់តួនាទីជាប្រធានអាស៊ាន នៅឆ្នាំ២០២៥ ខាងមុខ។