(ប៉េកាំង)៖ ប៉ុន្មានថ្ងៃនេះ ការបង្ហាញឥរិយាបថមួយចំនួនរបស់លោក Lee Hsien Loong ទីប្រឹក្សារដ្ឋសិង្ហបុរី ដែលកំពុងបំពេញទស្សនកិច្ច នៅប្រទេសចិន បានធ្វើឱ្យមានការចាប់អារម្មណ៍ យ៉ាងទូលំទូលាយ ពីមតិសាធារណៈអន្តរជាតិ។ អ្នកវិភាគជាច្រើនយល់ឃើញថា លោក Lee Hsien Loong បានវាយតម្លៃយ៉ាងប្រាកដប្រាជាចំពោះប្រទេសចិន ក្នុងការជំរុញការបើកចំហ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាជំរុញសន្តិភាព និងវឌ្ឍនភាពរបស់ពិភពលោក ហើយក៏បានច្រានចោល នូវការឃោសនាបំប៉ោងដែលថាសេដ្ឋកិច្ចប្រទេសចិន មានភាពអន់ថយដែរ។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Lee Hsien Loongនៅប្រទេសចិនបន្ទាប់ពីលោកបានលាលែងពី មុខតំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងខែឧសភាឆ្នាំនេះ។ ដំណើរទស្សនកិច្ចលើកនេះ ធ្វើនៅទីកន្លែងចំនួន៣គឺទីក្រុង Suzhou ប៉េកាំងនិងសៀងហៃ។ ក្នុងនាមជាអ្នកនយោបាយជើងចាស់ដ៏ល្បីមួយរូប លោក Lee Hsien Loongជា "មិត្តចាស់" របស់ប្រជាជនចិន ហើយធ្លាប់បានមកបំពេញទស្សនកិច្ចនៅប្រទេសចិន លើសពីដប់ដងក្នុងអំឡុងពេលកាន់តំណែង។ ការវិភាគនិងការវិនិច្ឆ័យរបស់លោក និងលោក Lee Kuan Yew ដែលជាឪពុករបស់លោក Lee Hsien Loongអំពីមាគ៌ាអភិវឌ្ឍន៍ និងគោលនយោបាយចំពោះបរទេសរបស់ប្រទេសចិន បានដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញការយល់ដឹងដ៏ត្រឹមត្រូវ របស់សហគមន៍អន្តរជាតិចំពោះប្រទេសចិន។

ថ្ងៃទី២៦ខែវិច្ឆិកា នៅពេលជួបពិភាក្សាការងារជាមួយលោក Lee Hsien Loong នៅទីក្រុងប៉េកាំង លោក Xi Jinpingប្រធានរដ្ឋចិនបានកោតសរសើរចំពោះលោក ដែលបានយកចិត្តទុកដាក់ និងគាំទ្រកិច្ចសហប្រតិបត្តិការចិន-សិង្ហបុរីក្នុងរយៈពេលយូរ ហើយបានស្វាគមន៍ភាគីសិង្ហបុរី បន្តធ្វើជាអ្នកនាំមុខគេ នៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។លោក Lee Hsien Loong បានរំលឹកឡើងវិញថា ខ្លួនពោរពេញទៅដោយជំនឿចិត្ត ចំពោះអនាគតរបស់ប្រទេសចិន លោកបានថ្លែងថា សិង្ហបុរីនឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ក៏ដូចជាចូលរួមយ៉ាងសកម្ម ក្នុងដំណើរការទំនើបកម្មតាមបែបផែនចិន។

លោក Lee Hsien Loong មានជំនឿចិត្តលើការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិន នេះមិនត្រឹមតែផ្អែកលើ បទពិសោធដ៏ជោគជ័យ របស់កិច្ចសហប្រតិបត្តិការរវាងសិង្ហបុរី និងចិនប៉ុណ្ណោះទេ ថែមទាំងក៏បានមកពីការយល់ដឹង ដោយសត្យានុម័ត គ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅរបស់លោក អំពីនិន្នាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិនផងដែរ។ក្នុងពេលជាមួយគ្នានេះ លោកក៏បានមើលឃើញពីទំនួលខុសត្រូវ របស់ប្រទេសធំមួយក្នុងសកម្មភាពរបស់ប្រទេសចិន ដែលគាំពារយ៉ាងមុតមាំនូវការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់និងការបើកចំហ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយបរទេស។

ពេលបច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ ការប៉ះទង្គិចផ្នែកភូមិសាស្ត្រនយោបាយ បានកើតឡើងឥតឈប់ឈរ ហើយឯកតោភាគីនិយម និងគាំពារនិយម កំពុងងើបឡើងវិញ។ សហគមន៍អន្តរជាតិព្រួយបារម្ភថា ប្រសិនបើសង្គ្រាមពាណិជ្ជកម្ម កាន់តែធ្ងន់ធ្ងរឡើងនៅពេលអនាគត នោះការអភិវឌ្ឍជាសកលប្រហែលនឹងកាន់តែអាក្រក់ទៅៗ។ មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា នៅពេលជួបជាមួយលោក Lee Hsien Loong នៅទីក្រុងប៉េកាំង លោក Xi Jinpingប្រធានរដ្ឋចិនបានថ្លែងថា ភាគីចិនរីករាយរួមសហការជាមួយ ភាគីសិង្ហបុរី ដើម្បីអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ សម្របទៅតាមនិន្នាការ នៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច គាំពារសច្ចយុត្តិធម៌អន្តរជាតិ ទប់ស្កាត់នឹងការប្រឈមមុខ ដាក់គ្នាជាក្រុម និងការបែកបាក់និងបដិបក្ខគ្នា ក៏ដូចជាកសាងសហគមន៍រួមវាសនារបស់អាស៊ី។

លោក Lee Hsien Loong បានថ្លែងថា ប្រទេសនានាគួរប្រកាន់ខ្ជាប់នូវចក្ខុវិស័យវែងឆ្ងាយ ប្រកាន់ខ្ជាប់នូវពហុភាគីនិយម ខំប្រឹងសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការ ហើយរួមគ្នាឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈម ដើម្បីផ្តល់ផលប្រយោជន៍ កាន់តែច្រើនឡើងដល់ប្រជាជន។ ព្រមពេលជាមួយគ្នានេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់ អំពីបញ្ហាសំខាន់ៗ ដែលយកចិត្តទុកដាក់ដូចគ្នា ដូចជាទំនាក់ទំនងរវាងចិននិងអាមេរិក និងស្ថានការណ៍ក្នុងតំបន់ជាដើម។

អាចមើលឃើញថា ប្រទេសចិននិងសិង្ហបុរីមានគំនិតឯកភាពរួមកម្រិតខ្ពស់ ក្នុងការដោះស្រាយហានិភ័យនិង បញ្ហាប្រឈមជាសកល។ ដូចប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើង ក្នុងពេលជួបជាមួយលោក Lee Hsien Loong ថា ប្រឈមមុខនឹងហានិភ័យនិងការសាកល្បង គ្មានប្រទេសណាមួយ អាចយកសុខតែខ្លួនឯងនោះឡើយ ការប្រកាន់ខ្ជាប់នូវសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ការបើកចំហនិងបរិយាបន្នទើបជាមាគ៌ាត្រឹមត្រូវ៕

វិទ្យុមិត្តភាពកម្ពុជាចិន