(កៀវ)៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបថ្មី លោក Antonio Costa និងប្រមុខគោលនយោបាយនៃសហភាពអឺរ៉ុបថ្មី (EU) លោកស្រី Kaja Kallas បានធ្វើដំណើរមកដល់រដ្ឋធានីកៀវ នាថ្ងៃអាទិត្យនេះ ដែលជាថ្ងៃចូលកាន់តំណែងដំបូងរបស់អ្នកទាំងពីរ ដើម្បីបង្ហាញសារគាំទ្រដល់អ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤។
ពេលទៅដល់ទីក្រុងកៀវ តាមរយៈរថភ្លើង លោក Costa បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមដូច្នេះថា «សហភាពអឺរ៉ុប បានឈរនៅខាងអ៊ុយក្រែន ចាប់តាំងពីថ្ងៃទីមួយនៃសង្រ្គាម។ ដូច្នេះចាប់តាំងពីថ្ងៃទីមួយ នៃអាណត្តិរបស់យើង ពួកយើងនឹងបញ្ជាក់ម្តងទៀត នូវការគាំទ្រឥតងាករេរបស់យើង ចំពោះប្រជាជនអ៊ុយក្រែន»។ ចំណែកឯ លោកស្រី Kallas បាននិយាយថា «ក្នុងទស្សនកិច្ចលើកដំបូង ក្រោយទើបចូលកាន់តំណែង ខ្ញុំមានសារយ៉ាងច្បាស់មួយ គឺសហភាពអឺរ៉ុបចង់ឱ្យអ៊ុយក្រែន ឈ្នះសង្រ្គាមនេះ។ ពួកយើងនឹងធ្វើគ្រប់យ៉ាង ដើម្បីសម្រេចបានគោលដៅនោះ»។
គួរបញ្ជាក់ថា លោក Costa និងលោកស្រី Kallas ទាំងពីរនាក់សុទ្ធតែ បានប្រកាន់ជំហរគាំទ្ររឹងមាំចំពោះអ៊ុយក្រែន តាំងពីរុស្ស៉ី បានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនេះ របស់ថ្នាក់ដឹកនាំថ្មីទាំង២ របស់ EU គឺកើតមានឡើង ស្របពេលដែលទីក្រុងកៀវ កំពុងបន្តព្យាយាមទប់ទល់ ភាពរីកចម្រើនទៅមុខ របស់កងកម្លាំងរុស្ស៉ី នៅសមរភូមិភាគខាងកើតប្រទេស ព្រមទាំងភាពស្រពេចស្រពិល នៃគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន នៅពេលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិក នៅខែក្រោយ។ EU អះអាងថា ស្ថាប័ននិងបណ្តាប្រទេសជាសមាជិករបស់ខ្លួនសរុបចូលគ្នា បានបង្កើតជំនួយគិតជាទឹកប្រាក់សរុបប្រហែល ១៣៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន គិតចាប់តាំងពីសង្រ្គាមអ៊ុយក្រែន ផ្ទុះឡើងមកទល់ពេលនេះ៕