(ប៉េកាំង)៖ អ្នកនាំពាក្យរបស់ចិន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការលក់អាវុធដែលមានតម្លៃ ៣៨៥លានដុល្លារទៅឱ្យតៃវ៉ាន់ ដោយបានចាត់ទុកសកម្មភាពនេះជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងជាការគំរាមកំហែង ដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។

លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តនេះ និងបានអំពាវនាវឱ្យអាមេរិកបញ្ឈប់ការលក់អាវុធឱ្យតៃវ៉ាន់ជាបន្ទាន់ និងបានព្រមានពីផលវិបាកធ្ងន់ធ្ងរ។

លោកបានព្រមានថា «បញ្ឈប់​ការ​ស្វែងរក​ការ​គាំទ្រ​ដល់ឯករាជ្យ​ភាព​តៃវ៉ាន់ ព្រោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​បែប​នេះ​នឹង​ត្រូវ​បរាជ័យ... កុំមើលស្រាលការប្តេជ្ញាចិត្តរបស់ចិនក្នុងការចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន»។

ទន្ទឹមគ្នានេះ លោក Chen ក៏បានសង្កត់ធ្ងន់ថា សកម្មភាពរបស់សហរដ្ឋអាមេរិក ក្នុងការលក់អាវុធឱ្យតៃវ៉ាន់ គឺផ្ទុយទៅនឹងការសន្យារបស់មេដឹកនាំអាមេរិក ដែលថានឹងមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ និងបានរំលោភគោលការណ៍ចិនតែមួយ ដែលជាគោលការណ៍ដែលចិន និងអាមេរិកបានឯកភាពគ្នា ក្នុងឆ្នាំ១៩៨២៕