(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកចង់ឱ្យលោក Kash Patel ដែលជាអតីតមន្ត្រីសន្តិសុខជាតិ និងជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់លោក ដឹកនាំ FBI។ ការប្រកាសនេះ បង្ហាញពីចេតនារបស់លោក ត្រាំ ក្នុងការបណ្តេញនាយក FBI បច្ចុប្បន្ន គឺលោក Christopher Wray។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។
លោក Patel ធ្លាប់បានអំពាវនាវឱ្យមានការកែទម្រង់ FBI ដោយកាត់បន្ថយតួនាទី និងអំណាចប្រមូលព័ត៌មានរបស់អង្គភាពនេះ និងលុបបំបាត់បុគ្គលិកដែលមិនគាំទ្ររបៀបវារៈរបស់លោក ដូណាល់ ត្រាំ។ លោកថែមទាំងបានស្នើឱ្យបិទអគារ FBI Hoover និងបញ្ជូនបុគ្គលិកទៅធ្វើការនៅទូទាំងសហរដ្ឋអាមេរិក។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយ នៅលើកម្មវិធី Shawn Ryan Show កាលពីខែកញ្ញាថា «បញ្ហាដ៏ធំបំផុតរបស់ FBI គឺផ្នែកស៊ើបការណ៍សម្ងាត់របស់វា។ ខ្ញុំនឹងបំបែកសមាសធាតុនោះចេញ។ ខ្ញុំនឹងបិទអគារ FBI Hoover នៅថ្ងៃមួយ ហើយបើកវាឡើងវិញនៅថ្ងៃបន្ទាប់ជាសារមន្ទីរ... ហើយខ្ញុំនឹងបញ្ជូនបុគ្គលិក ៧,០០០ នាក់ដែលធ្វើការនៅក្នុងអគារនោះ ទៅទូទាំងសហរដ្ឋអាមេរិក ដើម្បីដេញចាប់ឧក្រិដ្ឋជន។ ទៅធ្វើជាប៉ូលីស។ អ្នកគឺជាប៉ូលិស»។
គួរបញ្ជាក់ថា ការប្រកាសចេតនាក្នុងការតែងតាំងលោក Patel ឱ្យដឹកនាំ FBI នេះ បានបង្ហាញថា លោក ត្រាំ កំពុងត្រៀមខ្លួនដើម្បីបណ្តេញលោក Christopher Wray ចេញពីតំណែង ទោះបីជាលោកជាសមាជិកគណបក្សសាធារណរដ្ឋ និងត្រូវបានតែងតាំងដោយលោកផ្ទាល់ កាលពីអាណត្តិមុនក៏ដោយ។ អាណត្តិ ១០ឆ្នាំ របស់លោក Wray នៅ FBI មិនទាន់ចប់នៅឡើយទេ គឺរហូតដល់ឆ្នាំ ២០២៧៕