(ហ្សាកាតា)៖ ប្រទេសឥណ្ឌូនេស៊ី គ្រោងបង្កើតក្រសួងថ្មីមួយដែលហៅថា «ក្រសួងចំណូលរដ្ឋ» ដើម្បីបង្កើនប្រសិទ្ធភាព នៃការប្រមូលចំណូលជូនរដ្ឋ។ នេះបើយោងតាមលោក Hashim Djojohadikusumo ជាប្អូនប្រុស និងជាទីប្រឹក្សាជិតស្និទ្ធ របស់ប្រធានាធិបតី Prabowo Subianto បានឱ្យដឹងនៅថ្ងៃអាទិត្យនេះ។
ក្រសួងថ្មីនេះនឹងទទួលខុសត្រូវ ក្នុងការគ្រប់គ្រងចំណូលរដ្ឋ រួមទាំងពន្ធ ពន្ធគយ និងសួយសារអាកររ៉ែ។ លោក Hashim បានបញ្ជាក់ថា ប្រធានាធិបតី Prabowo នឹងតែងតាំងលោក Anggito Abimanyu អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ ឱ្យដឹកនាំក្រសួងថ្មីនេះ។
ការបង្កើតក្រសួងថ្មីនេះគឺជាផ្នែកមួយ នៃផែនការរបស់លោក Prabowo ក្នុងការបង្កើនប្រាក់ចំណូលពន្ធ ដល់ ១៨% នៃផលិតផលក្នុងស្រុកសរុប (GDP) ពីប្រហែល ១០% នាពេលបច្ចុប្បន្ន។ នេះមានន័យថា រដ្ឋាភិបាលនឹងមានប្រាក់ចំណូលពន្ធបន្ថែម ប្រហែល ១០០ពាន់លានដុល្លារ។
ទោះជាយ៉ាងណា ក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី មិនទាន់បានធ្វើអត្ថាធិប្បាយ លើផែនការនេះនៅឡើយទេ៕