(ហ៊្សេរុយាសាឡិម)៖ អតីតរដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Moshe Yaalon បាននិយាយថា ក្រុមអ្នកប្រកាន់ខ្ជាប់គោលការណ៍ នៅក្នុងគណៈរដ្ឋមន្រ្តីស្តាំនិយមរបស់ លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu កំពុងស្វែងរកការបណ្តេញជនជាតិប៉ាឡេស្ទីន ចេញពីភាគខាងជើងតំបន់ហ្កាហ្សា ហើយចង់បង្កើតការតាំងទីលំនៅ របស់ជនជាតិជ្វីហ្វនៅទីនោះឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ ២០២៤។

លោក Yaalon បានប្រាប់ទូរទស្សន៍ Kan របស់អ៉ីស្រាអែល កាលពីថ្ងៃអាទិត្យកន្លងទៅថា «ខ្ញុំត្រូវបានគេបង្ខំឱ្យព្រមាន អំពីអ្វីដែលកំពុងកើតឡើងនៅទីនោះ ហើយក៏មានការលាក់បាំងពីអ្វីដែលបានកើតឡើងដែរ។ ឧក្រិដ្ឋកម្ម​សង្គ្រាម​កំពុង​ត្រូវ​បាន​ប្រព្រឹត្ត»។ ដោយឡែក គណបក្ស Likud របស់លោក Netanyahu ចោទប្រកាន់លោក Yaalon ថាផ្សព្វផ្សាយការភូតកុហក ខណៈរដ្ឋមន្ត្រីការបរទេស លោក Gideon Sa'ar ប្រធានក្រុមស្តាំនិយមតូចមួយនៃគណបក្ស និយាយថា វាជាការលើកឡើងដែលគ្មានមូលដ្ឋាន។

គួរបញ្ជាក់ថា លោក Yaalon គឺជាអតីតអគ្គសេនាធិការកងទ័ព ដែលបម្រើការជារដ្ឋមន្ត្រីការពារជាតិ ក្រោមអាណត្តិលោក Netanyahu ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦ ហើយក៏ត្រូវបានគេស្គាល់ថាជាអ្នករិះគន់យ៉ាងខ្លាំងក្លា ទៅលើលោកនាយករដ្ឋមន្ត្រីចាប់តាំងពីពេលនោះមក។

តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីខែមុន បានចេញដីកាចាប់ខ្លួន លោក Netanyahu និងរដ្ឋមន្រ្តីការពារជាតិមុន លោក Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងសង្រ្គាមហ្កាហ្សា។ ប៉ុន្តែអ្នកទាំងពីរ បានបដិសេធការចោទប្រកាន់៕