(តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានជួបប្រធានាធិបតីស៉ីរី លោក Bashar al-Assad នៅក្នុងទីក្រុងដាម៉ាស កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដើម្បីសម្តែងនូវការគាំទ្ររបស់ទីក្រុងតេហេរ៉ង់ ចំពោះទីក្រុងដាម៉ាស បន្ទាប់ពីក្រុមឧទ្ទាមវាយលុកកាន់កាប់ទីក្រុង Aleppo ដែលជាទីក្រុងធំទីពីររបស់ស៉ីរី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ ២០២៤។
ក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) បានដណ្តើមកាន់កាប់ភាគច្រើននៃទីក្រុង Aleppo កាលពីថ្ងៃសៅរ៍ ដែលរួមមានទាំងអាកាសយានដ្ឋាន និងក្រុងជាច្រើននៅក្បែរនោះ។ មុនពេលចេញទៅកាន់ទីក្រុងដាម៉ាស លោក Araghchi បាននិយាយថា ទីក្រុងតេហេរ៉ង់នឹងគាំទ្រពេញលេញ ដល់រដ្ឋាភិបាលស៉ីរី។ ទីភ្នាក់ងារព័ត៌មានរដ្ឋអ៉ីរ៉ង់ IRNA មិនបានរាយការណ៍លម្អិតទេ ជុំវិញជំនួបនោះ ដោយគ្រាន់តែដឹងថាលោក Araghchi និងលោក Assad បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចការអភិវឌ្ឍន៍ក្នុងតំបន់។ ចំណែកការិយាល័យប្រធានាធិបតីស៉ីរី បានឱ្យដឹងថា លោក Assad បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជួយពីសម្ព័ន្ធមិត្ត ចំពេលប្រឈមមុខនឹងការវាយប្រហារភេរវកម្ម។
គួរបញ្ជាក់ថា អ៉ីរ៉ង់ជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ លោក Assad អំឡុងសង្គ្រាមស៉ីវិលដែលផ្ទុះឡើង កាលពីឆ្នាំ ២០១១។ អ៉ីរ៉ង់នៅតែអះអាងថា ខ្លួនមិនមានកងទ័ពប្រយុទ្ធនៅស៉ីរីទេ គឺមានតែមន្ត្រីណែនាំ និងបណ្តុះបណ្តាលផ្នែកយោធាប៉ុណ្ណោះ៕