(តៃប៉ិ)៖ ទីភ្នាក់ងារព័ត៌មានតៃវ៉ាន់ Central News Agency បានរាយការណ៍ថា មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានជួបសន្ទនាតាមទូរស័ព្ទរយៈពេល២០នាទី ជាមួយអតីតប្រធានសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក គឺលោកស្រី Nancy Pelosi កាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូ អំឡុងទស្សនកិច្ចនៅរដ្ឋហាវ៉ៃ​ ហើយអ្នកទាំងពីរ បានពិភាក្សាគ្នាអំពីការគំរាមកំហែង ផ្នែកយោធា​របស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Lai បានទៅដល់រដ្ឋហាវ៉ៃរបស់អាមេរិក កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលជាការឈប់សំចតផ្លូវការ មានរយៈពេលសរុប ចំនួន២ថ្ងៃ ហើយវាជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោក នៅក្នុងតំបន់ប៉ាស៉ីហ្វិក។ ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយតែងតែថ្កោលទោស និងជំទាស់យ៉ាងដាច់អហង្ការចំពោះ ការឈប់សំចតបែបនេះ ធ្វើឡើងដោយបណ្តាមេដឹកនាំតៃវ៉ាន់ នៅលើទឹកដីរបស់អាមេរិក។

កាលនៅកាន់តំណែងជាប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ធ្លាប់បានបំពេញទស្សនកិច្ចដ៏ចម្រូងចម្រាសមួយ ទៅកាន់កោះតៃវ៉ាន់ ដែលបានបណ្តាលឱ្យ ប្រទេសចិនខឹងសម្បារ ហើយបើកការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ឡោមព័ទ្ធជុំវិញដែនកោះនេះ កាលពីឆ្នាំ២០២២។ វាគឺជាទស្សនកិច្ចលើកដំបូងបំផុត ដែលធ្វើឡើងដោយប្រធានសភាតំណាងរាស្រ្តអាមេរិក ទៅកាន់តៃវ៉ាន់ គិតក្នុងរយៈពេល២៥ឆ្នាំ។ បច្ចុប្បន្ន លោកស្រី នៅបន្តមានឋានៈជាសមាជិកជាន់ខ្ពស់ម្នាក់ ក្នុងគណបក្សប្រជាធិបតេយ្យអាមេរិក។

គួរបញ្ជាក់ថា យោងតាមប្រភពផ្នែកសន្តិសុខ ចិនអាចនឹងដឹកនាំការធ្វើសមយុទ្ធយោធា នៅជុំវិញតៃវ៉ាន់ អំឡុងឬក្រោយទស្សនកិច្ច​របស់លោក Lai នៅប៉ាស៉ីហ្វិក។ បន្ទាប់ពីហាវ៉ៃ លោក Lai ត្រូវបន្តដំណើរទៅប្រទេសដែនកោះ Marshall Islands, Tuvalu និង Palau ជាប្រទេស៣ ក្នុងចំណោមប្រទេស នៅសល់ត្រឹម១២លើពិភពលោក ដែលបន្តរក្សាទំនាក់ទំនងផ្លូវការ​ជាមួយទីក្រុងតៃប៉ិ។ នៅតាមផ្លូវ ពេលត្រឡប់មកវិញ លោក Lai ក៏នឹងឆ្លៀតឈប់សំចតនៅកោះហ្កាំ ដែលជាទឹកដីរបស់អាមេរិក ផងដែរ។ សហរដ្ឋអាមេរិក គឺជាខ្នងបង្អែកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់តៃវ៉ាន់ ទោះភាគីទាំងពីរ មិនមានទំនាក់ទំនងការទូតផ្លូវការ ក៏ដោយ៕