(កៀវ)៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានធ្វើដំណើរទៅដល់ទីក្រុងកៀវ នាថ្ងៃចន្ទនេះ ក្នុងទស្សនកិច្ច ដែលមិនប្រកាសឱ្យដឹងជាមុន ហើយវាជាលើកទីពីរ ចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពាន លើអ៊ុយក្រែនកាលពីជិត៣ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤។

លោកអធិការបតីអាល្លឺម៉ង់ នឹងបើកកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីអ៊ុយក្រែន ហើយលោក Scholz បានអះអាងថា ក្នុងជំនួបនោះ រូបលោកនឹងប្រកាស កញ្ចប់ជំនួយយោធាថ្មីបន្ថែមទៀត គិតជាទឹកប្រាក់ស្មើនឹង៦៥០លានអឺរ៉ូ ឬ៦៨០លានដុល្លារអាមេរិក ដែលនឹងត្រូវផ្តល់ឱ្យទៅ​អ៊ុយក្រែន នៅមុនដំណាច់ឆ្នាំនេះ។

ក្នុងឱកាសទៅដល់ទីក្រុងកៀវ តាមរយៈរថភ្លើង លោក Scholz បាននិយាយដូច្នេះថា «ខ្ញុំមកទីក្រុងកៀវសាជាថ្មី ដើម្បីបង្ហាញសាមគ្គីភាពជាមួយអ៊ុយក្រែន។ ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់នៅទីនេះថា អាល្លឺម៉ង់នឹងបន្តជាអ្នកគាំទ្ររឹងមាំជាងគេបំផុត របស់អ៊ុយក្រែន នៅអឺរ៉ុប។ អ៊ុយក្រែនអាចពឹងពាក់អាល្លឺម៉ង់បាន ដោយយើងនិយាយអ្វីដែលយើងធ្វើ ហើយយើងធ្វើអ្វីដែលយើងនិយាយ»។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Scholz ធ្វើឡើង បន្ទាប់ពីប្រធានក្រុមប្រឹក្សាអឺរ៉ុបថ្មី លោក Antonio Costa និងប្រមុខគោលនយោបាយនៃសហភាពអឺរ៉ុបថ្មី (EU) លោកស្រី Kaja Kallas ទើបតែបានធ្វើដំណើរមកដល់រដ្ឋធានីកៀវ កាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូ ដែលជាថ្ងៃចូលកាន់តំណែងដំបូងរបស់អ្នកទាំងពីរ ដើម្បីបង្ហាញសារគាំទ្រ​ដល់អ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី៕