(ឡាអេ)៖ នៅថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ ២០២៤នេះ តុលាការកំពូលនៃអង្គការសហប្រជាជាតិ (UN) បានចាប់ផ្តើមបើកសវនាការលើកាតព្វកិច្ចផ្លូវច្បាប់របស់ប្រទេសនានា ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួលអាកាសធាតុ និងផលវិបាកសម្រាប់ប្រទេសទាំងនោះ ដែលរួមចំណែកដល់ការឡើងកំដៅផែនដី ហើយនាំឱ្យមានវិវាទទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

វ៉ានូអាទូ ដែលស្ថិតក្នុងចំណោមប្រទេសដីកោះតូចៗ ដែលបានដឹកនាំកិច្ចប្រឹងប្រែង ជំរុញឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផ្តល់មតិណែនាំនោះ នឹងក្លាយជារដ្ឋដំបូងគេដែលត្រូវផ្តល់ទស្សនៈ ក្នុងចំណោមរដ្ឋ និងអង្គការអន្តរជាតិជាង ១០០ផ្សេងទៀត នៅក្នុងសវនាការរបស់ ICJ ដែលមានរយៈពេល២សប្តាហ៍។

ខណៈ​​មតិណែនាំរបស់​តុលាការ​ មិនដាក់កំហិតឱ្យអនុវត្តតាមក៏ដោយ វាមាន​សារៈសំខាន់​ផ្នែក​ច្បាប់ និង​នយោបាយ។អ្នកជំនាញនិយាយថា មតិណែនាំរបស់តុលាការ ICJ ទំនងជាត្រូវយកធ្វើហេតុផល នៃបណ្តឹងផ្នែកអាកាសធាតុនានា នៅក្នុងតុលាការរាប់ចាប់ពីអឺរ៉ុប ទៅដល់អាមេរិកឡាទីន ឬអាចលើសពីនេះ។

ក្រៅពី​រដ្ឋ​កោះ​តូចៗ ​ប្រទេស​លោកខាងលិច និង​ប្រទេសកំពុង​អភិវឌ្ឍ​ជាច្រើន តុលាការ​ ICJ ​នឹង​ស្តាប់​ទស្សនៈពី​ប្រទេស​​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​កំពូលចំនួន ២​របស់​ពិភពលោក​ គឺ​សហរដ្ឋអាមេរិក និង​ចិន។ រីឯក្រុមប្រទេសផលិតប្រេង OPEC ក៏នឹងផ្តល់ទស្សនៈរបស់ខ្លួនផងដែរ។ សវនាការនេះ នឹងបន្តរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ហើយមតិណែនាំរបស់តុលាការ រំពឹងថានឹងសម្រេចបាន នៅឆ្នាំ ២០២៥៕