(ប៉េកាំង)៖ កាលពីខែមីនាឆ្នាំ ២០១៣ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងជាផ្លូវការនូវទស្សនៈស្តីពី «សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ»។ តើអ្វីទៅជាសហគមន៍ ជោគវាសនារួមសម្រាប់មនុស្សជាតិ ? ពោលគឺស្របនឹងពេលដែលស្វែងរក ផលប្រយោជន៍សម្រាប់ប្រទេសខ្លួន ក៏ត្រូវគិតគូរពីកង្វល់របស់ប្រទេសដទៃ ក៏ដូចជារួមចំណែកដល់ការជំរុញ ការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានា ក្នុងខណៈពេលដែលស្វែងរក ការអភិវឌ្ឍសម្រាប់ប្រទេសខ្លួន។

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ភពផែនដីរបស់យើងមានតែមួយគត់ ការកសាងផ្ទះរួមរបស់មនុស្សជាតិ ដែលស្រស់ស្អាតនិងឋិតថេរគង់វង្សមិនមែនជា «កម្មសិទ្ធិផ្តាច់មុខ» ឬទំនួលខុសត្រូវបុគ្គលរបស់ប្រទេសណាមួយនោះឡើយ ពោលគឺត្រូវមានការចូលរួមពី សំណាក់ប្រទេសទាំងអស់មិនថាធំឬតូច មិនថាប្រទេសអភិវឌ្ឍន៍តិចតួចឬប្រទេសជឿនលឿន នោះឡើយ។

ទស្សនៈ «សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ» គឺក្នុងគោលបំណងរួបរួមកម្លាំងនិងតម្រិះប្រាជ្ញា របស់ភាគីនានាដើម្បីធ្វើការជាមួយគ្នា និងរៀនសូត្រពីអរិយធម៌និងវប្បធម៌ ទៅវិញទៅមក ដើម្បីស្វែងរកវិធីរួមរស់ជាមួយគ្នា ដោយសុខដុមរមនា ជៀសវាងការកើតមានការយល់ច្រឡំដោយប្រការណាមួយ ដែលបណ្តាលឱ្យក្លាយជាការប្រទូសរ៉ាយគ្នា ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមើលឃើញពីសមិទ្ធផលនិងផលប្រយោជន៍ជាក់ស្តែង ហេតុនេះមានប្រទេសជាច្រើន បង្ហាញឆន្ទៈចូលរួម ជាមួយប្រទេសចិនក្នុងការកសាងសហគមន៍ ជោគវាសនារួម ដើម្បីចែករំលែកផលប្រយោជន៍ឈ្នះ-ឈ្នះ ។ ក្នុងចំណោមនោះ ប្រទេសកម្ពុជាដែលជាមិត្តដែកថែបបានមូលគំនិតជាមួយចិន ក្នុងការរួមគ្នាកសាងសហគមន៍ជោគវាសនារួម ដែលប្រកបដោយកម្រិតខ្ពស់ គុណភាពខ្ពស់និងស្តង់ដារខ្ពស់។ គម្រោងសហប្រតិបត្តិការសំខាន់ៗ ក្រោមការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ រវាងប្រទេសទាំងពីរគឺគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» របស់ចិននិងយុទ្ធសាស្ត្របញ្ចកោណ របស់កម្ពុជា បានកើតចេញជាផ្លែផ្កាជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជា ដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងព្រែកជីកហ្វូណនតេជោដែលកំពុងស្ថិតក្នុងការសាងសង់ ។ល។

អ្វីដែលគួរឱ្យកត់សម្គាល់គឺថា ប្រទេសចិនបានបង្កើតទំនងទំនង «រួមគ្នាកសាងសហគមន៍ជោគវាសនារួម» ជាមួយប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍ច្រើនជាង ប្រទេសជឿនលឿន ដែលបានរួមចំណែកមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍរបស់ប្រទេសទាំងនេះ ដូចជាប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនធ្លាប់បានលើកឡើងថា «ប្រទេសនានាលើពិភពលោកគឺស្ថិតនៅលើកប៉ាល់ធំតែមួយ ប្រសិនជាយើងចង់ឆ្លងកាត់ព្យុះភ្លៀងនិងរលកធំៗ ដើម្បីឆ្ពោះទៅ អនាគតដ៏ភ្លឺស្វាង នោះគឺត្រូវរួមចិត្តរួមកម្លាំងតែមួយ ហើយបើសិនជាមានអ្នកប៉ុនប៉ងទម្លាក់នរណាម្នាក់ ទៅក្នុងសមុទ្រគឺមិនអាចទទួលយកបានឡើយ»

ថ្នាក់ដឹកនាំចិនបានថ្លែងជាច្រើនលើកច្រើនសាថា ចិនឈរនៅជាមួយប្រទេសកំពុងអភិវឌ្ឍន៍ជានិច្ច ជាសមាជិកនៃប្រទេស «សកលខាងត្បូង» ជានិច្ច នេះមានន័យថា នៅថ្ងៃអនាគត បើទោះបីជាចិនមានការវិវឌ្ឍរីកចម្រើនដល់កម្រិតណាក្តី ក៏ចិននៅតែឈរនៅជាមួយប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ដើម្បីរួមចំណែកដល់ការជំរុញការអភិវឌ្ឍរួម និងវិបុលភាពរួម ។ ជាក់ស្តែង កាលពីពេលកន្លងទៅនេះ ថ្នាក់ដឹកនាំចិនបានប្រកាសពីការអនុគ្រោះពន្ធ ១០០% សម្រាប់ផលិតផលនាំចូលពី ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន ៣៣ ដែលមានទំនាក់ទំនង ការទូតជាមួយចិន នេះគឺជាការអនុវត្តជាក់ស្តែង សម្រាប់ជំរុញភាពស៊ីជម្រៅ នៃការកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសចិន ជាមួយប្រទេសពាក់ព័ន្ធ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងប្រទេសចិន ជាមួយប្រទេសសកលខាងត្បូងផងដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់គឺថា ជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសនានាបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅ សហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ ក៏ប៉ុន្តែមកទល់បច្ចុប្បន្ននេះ នៅមានប្រទេសជាច្រើន ដែលទទួលបាន លទ្ធផលស្តួចស្តើងតែប៉ុណ្ណោះ។ ភាពជាប់គាំងនៃការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់សកលលោក គឺដោយសារតែមានប្រទេសជាច្រើន មិនទាន់បានឈានចូលការធ្វើទំនើបកម្ម ប្រសិនជាប្រទេសសកលខាងត្បូងទាំងអស់ សុទ្ធតែអាចសម្រេចបាននូវការធ្វើទំនើបកម្ម នោះគឺជាកម្លាំងចលករដ៏ធំសម្បើមសម្រាប់ជំរុញ កំណើនប្រកបដោយចីរភាព របស់ពិភពលោក។ អាស្រ័យហេតុនេះ ការរួមគ្នាកសាងសហគមន៍ជោគវាសនារួម គឺជារូបមន្តដ៏មានប្រសិទ្ធភាព សម្រាប់ការរួបរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈម ដើម្បីចែករំលែកអនាគតដែលមានភាពរុងរឿងថ្កុំថ្កើង។

ល្គឹកណាដែលមនុស្សជាតិអាចបង្កើតជា សហគមន៍ជោគវាសនារួម ក្លាយជាមហាគ្រួសារតែមួយដែលរួមសាមគ្គីភាពគ្នា សហការគ្នានិងចែករំលែកផលប្រយោជន៍ជាមួយគ្នា ដោយស្មោះត្រង់និងយុត្តិធម៌ ល្គឹកនោះភពផែនដីដែលជាផ្ទះរួម របស់មនុស្សជាតិយើង នឹងកាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន