(ប៉េកាំង)៖ កិច្ចសម្ភាសន៍ជាន់ខ្ពស់លើកនេះបាននាំមក ជូនលោកអ្នកអំពីកិច្ចសម្ភាសន៍ជាមួយលោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូ។ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC លោកស្រី Boluarte បានជួបជាមួយលោក Xi Jinping ប្រធានរដ្ឋចិនបីដងក្នុងរយៈពេល១ឆ្នាំនេះ។
នៅពេលផ្តល់កិច្ចសម្ភាសន៍ពិសេសជាមួយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកស្រីបានថ្លែងថា នៅឆ្នាំ២០២៤ ប្រទេសប៉េរូ មានកិត្តិយសណាស់ ក្នុងការធ្វើជាម្ចាស់ផ្ទះលើកទីបី នៃកិច្ចប្រជុំកំពូលក្រៅផ្លូវការនៃ APEC ។ នេះមានន័យថា អង្គភាពសេដ្ឋកិច្ចទាំង ២១ នៃ APEC មានទំនុកចិត្តពេញលេញចំពោះប្រទេសប៉េរូ។
លោកស្រី Boluarte បានបន្តថា ខ្ញុំជឿថា ប្រទេសចិនដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងចំណោមប្រទេសទាំង ២១ នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។ ប្រទេសចិនបានបង្រៀនយើងពីរបៀបធ្វើយ៉ាងដូចម្តេច ដើម្បីចេញផុតពីភាពក្រីក្រខ្លាំងបំផុត និងរបៀបកសាងប្រទេសឱ្យក្លាយទៅជាប្រទេសខ្លាំងក្លា។ ទំនាក់ទំនងរវាងប្រទេសប៉េរូ ជាមួយប្រទេសចិនអស់រយៈពេលជាង ៥០ ឆ្នាំហើយ។ កាលពី៥០ឆ្នាំមុន ទីក្រុង Shenzhen ធ្លាប់ជាឃុំតូចមួយ ប៉ុន្តែឥឡូវនេះបានអភិវឌ្ឍទៅជាទីក្រុងអន្តរជាតិ ប្រកបដោយបច្ចេកវិទ្យាជឿនលឿនដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនិងកោតសរសើរខ្លាំង។
លោកស្រី Boluarte បានបញ្ជាក់ថា កំពង់ផែ Chancay ត្រូវបានវិនិយោគ និងអភិវឌ្ឍដោយសហគ្រាសចិន វាគឺជាគម្រោងសហប្រតិបត្តិការរបស់ប្រទេសចិន និងប្រទេសប៉េរូ ក្នុងការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" ។ក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់លោក ប្រធានរដ្ឋចិនXi Jinping នៅប្រទេសប៉េរូ លោក និងខ្ញុំបានចូលរួមក្នុងពិធីសម្ពោធបើក ឱ្យប្រើប្រាស់កំពង់ផែ តាមរយៈប្រព័ន្ធវីដេអូ។ កំពង់ផែ Chancay មិនមែនជាកំពង់ផែធម្មតាទេ ប៉ុន្តែជាកំពង់ផែ ដែលប្រើបច្ចេកវិទ្យាខ្ពស់ថ្មី ស្ទើរតែប្រើប្រព័ន្ធឌីជីថលទាំងអស់ ហើយប្រទេសនៅទ្វីបអាមេរិកទាំងអស់អាចទទួលបាន អត្ថប្រយោជន៍ពីកំពង់ផែ Chancay នេះ៕
វិទ្យុមិត្តភាពកម្ពុជាចិន