(ហ្សាកាតា)៖ ឥណ្ឌូនេស៊ី និងកាណាដានៅថ្ងៃចន្ទសប្តាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA) ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេស G20 ទាំងពីរ បីឆ្នាំបន្ទាប់ពីការចរចាបានចាប់ផ្តើម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ នៅទីក្រុងហ្សាកាតា ហើយវានឹងចូលជាធរមាននៅឆ្នាំ ២០២៦។

ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CEPA) នេះដែរ ឥណ្ឌូនេស៊ីនឹងទទួលបានការលើកលែងពន្ធ ៩០.៥% លើទំនិញដែលនាំចូលទៅកាណាដា ដែលមានតម្លៃប្រមាណ ១.៤ពាន់លានដុល្លារ។ ទន្ទឹមគ្នានេះ កាណាដាក៏បានបង្ហាញការគាំទ្រចំពោះផែនការរបស់ឥណ្ឌូនេស៊ី ក្នុងការអភិវឌ្ឍវិស័យរ៉ែ និងជំរុញការវិនិយោគបៃតង។ កាណាដាក៏បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចូលរួមក្នុងកម្មវិធីផ្តល់អាហារដល់សាលារៀនដោយឥតគិតថ្លៃ របស់ប្រធានាធិបតីឥណ្ឌូនេស៊ីផងដែរ។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី មានចំនួន ៣.៤ពាន់លានដុល្លារ កាលពីឆ្នាំមុន នេះបើយោងតាមក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី។ ការនាំចេញសំខាន់ៗរបស់កាណាដា ទៅកាន់ឥណ្ឌូនេស៊ី រួមមានផលិតផលកសិកម្ម និងជី ចំណែកឯឥណ្ឌូនេស៊ី នាំចេញគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី សម្លៀកបំពាក់ និងស្បែកជើង ទៅកាន់កាណាដា៕