(ឡាអេ)៖ ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោកស្រី Tomoko Akane បានព្រមានថា តុលាការកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដល់អត្ថិភាព ដោយសារការគំរាមកំហែង និងសម្ពាធផ្សេងៗ រួមទាំងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងដីកាចាប់ខ្លួនពីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងសន្និសិទប្រចាំឆ្នាំ របស់ ICC នៅថ្ងៃចន្ទសប្តាហ៍នេះ លោកស្រី Akane បានថ្លែងថា តុលាការកំពុងរងការវាយប្រហារ ដែលធ្វើឱ្យប៉ះពាល់ដល់ភាពស្របច្បាប់ និងឯករាជ្យភាពរបស់ខ្លួន។ លោកស្រី ក៏បានលើកឡើងពីការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងទណ្ឌកម្ម ដែលអាចធ្វើឱ្យខូចដល់ប្រតិបត្តិការរបស់តុលាការផងដែរ។

លោកស្រី Akane បាននិយាយថា «តុលាការត្រូវបានទទួលរងការវាយប្រហារដោយស្វែងរកការធ្វើឱ្យខូចដល់ភាពស្របច្បាប់ និងសមត្ថភាពក្នុងការគ្រប់គ្រងយុត្តិធម៌... វិធានការបង្ខិតបង្ខំ ការគំរាមកំហែង សម្ពាធ និងសកម្មភាពនៃការបំផ្លិចបំផ្លាញ... ដីកាបន្ថែមត្រូវបានចេញប្រឆាំងនឹងតុលាការនេះ»

ដោយឡែក លោក Karim Khan ដែលជារដ្ឋអាជ្ញានៃតុលាការនេះ ក៏បានសង្កត់ធ្ងន់លើបញ្ហាប្រឈម ដែល ICC កំពុងប្រឈមមុខ នៅក្នុងសុន្ទរកថារបស់គាត់ នៅឯការបើកសន្និសិទផងដែរ ដោយលោកបាននិយាថា សន្និសិទ ICC លើកនេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះតុលាការកំពុងជួបប្រទះបញ្ហាប្រឈម មិនធ្លាប់មានពីមុនមក។ លោកបានបន្ថែមថា ជនរងគ្រោះនិងសាធារណជនកំពុងរង់ចាំ និងមានការរំពឹងទុកខ្ពស់ ចំពោះយុត្តិធម៌និងការទទួលខុសត្រូវ ពីតុលាការអន្តរជាតិមួយនេះ។

គួរបញ្ជាក់ថា ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដូចជា ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មឈ្លានពាន នៅពេលដែលប្រទេសជាសមាជិក មិនអាច ឬមិនព្រមកាត់ទោសជនល្មើសដោយខ្លួនឯង៕