(វ៉ាស៊ីនតោន)៖ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បានចេញការលើកលែងទោសឱ្យកូនប្រុសរបស់លោក គឺលោក Hunter Biden មេធាវីរបស់លោក Hunter បានដាក់ពាក្យបណ្តឹង ស្នើឱ្យតុលាការច្រានចោលការចោទប្រកាន់ លើរូបលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
មេធាវីរបស់លោក Hunter បានអះអាងថា ការលើកលែងទោសពេញលេញ និងដោយគ្មានលក្ខខណ្ឌរបស់ប្រធានាធិបតី Biden គឺគ្រប់គ្រាន់ដើម្បីឱ្យតុលាការច្រានចោល ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងលោក Hunter។
ការលើកលែងទោសនេះ ធ្វើឡើងបន្ទាប់ពីលោក Hunter បានសារភាពកំហុស ចំពោះការចោទប្រកាន់ពីបទគេចវេះពន្ធ និងកាន់កាប់អាវុធដោយខុសច្បាប់។ លោក ត្រូវបានគេរំពឹងថា នឹងត្រូវកាត់ទោសនៅក្នុងខែធ្នូនេះ។ ការលើកលែងទោសនេះផងដែរ បានបង្កឱ្យមានការរិះគន់ ពីសំណាក់គណបក្សសាធារណរដ្ឋ ដែលចោទប្រកាន់លោក Biden ពីបទប្រើប្រាស់អំណាចខុស ដើម្បីជួយកូនប្រុសរបស់ខ្លួនឱ្យរួចផុតពីសំណាញ់ច្បាប់៕