(ប៊ែកឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃចន្ទសប្តាហ៍នេះ បានទៅបំពេញទស្សនកិច្ចនៅទីក្រុងគៀវ និងបានប្រកាសផ្តល់ជំនួយយោធាថ្មី ដែលមានតម្លៃ ៦៨៥លានដុល្លារដល់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នាឱកាសនោះ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ ក្នុងការបន្តគាំទ្រអ៊ុយក្រែន ទោះបីជាមានការផ្លាស់ប្តូររដ្ឋបាល នៅសហរដ្ឋអាមេរិកក៏ដោយ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងពេលដែលអាល្លឺម៉ង់ កំពុងជួបប្រទះវិបត្តិនយោបាយ និងមានភាពមិនប្រាកដប្រជា អំពីការគាំទ្ររបស់លោកខាងលិច ចំពោះអ៊ុយក្រែន បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិក។

លោក Scholz បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy និងបានទៅទស្សនការដ្ឋានផលិតអាវុធ។ លោកក៏បានទៅសួរសុខទុក្ខ ទាហានអ៊ុយក្រែន ដែលរងរបួសក្នុងសង្រ្គាមផងដែរ។ លោកបានសរសេរនៅលើបណ្តាញសង្គម X ថា «អាល្លឺម៉ង់នឹងនៅតែជាអ្នកគាំទ្រដ៏ខ្លាំងបំផុតរបស់អ៊ុយក្រែននៅក្នុងទ្វីបអឺរ៉ុប... សម្ភារៈយោធាបន្ថែមទៀតដែលមានតម្លៃ ៦៥០ លានអឺរ៉ូ» នឹងត្រូវបានចែកចាយនៅក្នុងខែនេះ។

គួរបញ្ជាក់ថា ជំនួយយោធានេះ រួមមាន ប្រព័ន្ធការពារដែនអាកាស IRIS-T រថក្រោះ Leopard 1 និងយន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធ។ ដំណើរទស្សនកិច្ចរបស់លោក Scholz ធ្វើឡើងបន្ទាប់ពីមេដឹកនាំសហភាពអឺរ៉ុប បានទៅបំពេញទស្សនកិច្ចនៅទីក្រុងគៀវកាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញពីការគាំទ្រចំពោះអ៊ុយក្រែន៕