(MAJURO, Marshall Islands)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានធ្វើដំណើរទៅដល់ប្រទេសដែនកោះ Marshall Islands ហើយ នៅថ្ងៃអង្គារ ទី៣ ខែធ្នូ បន្ទាប់ពីបានធ្វើទស្សនកិច្ចនៅលើទឹកដីអាមេរិក ក្នុងដំណើរឈប់សំចតមួយ ក្រោមក្របខណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់តំបន់ប៉ាស៊ីហ្វិក ដែលធ្វើឱ្យមេដឹកនាំចិន ក្ដៅក្រហាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រធានាធិបតី Marshall Islands លោកស្រី Hilda Heine បានទទួលស្វាគមន៍លោក Lai យ៉ាងកក់ក្ដៅ បន្ទាប់ពីមេដឹកនាំតៃវ៉ាន់បានទៅដល់រដ្ឋធានី Majuro ហើយជា ការឆ្លើយតបតាមរយៈអ្នកបកប្រែ លោក Lai បាននិយាយថា «តៃវ៉ាន់ និង Marshall Islands មានប្រពៃណីវប្បធម៌ Austronesian ដូចគ្នា ព្រមទាំងគុណតម្លៃសេរីភាព និងប្រជាធិបតេយ្យ»។
លោក Lai បានទៅដល់រដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលជាការឈប់សំចតផ្លូវការ ក្រោមក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់លោក ទៅកាន់តំបន់ប៉ាស៊ីហ្វិក។ អំឡុងស្ថិតនៅលើរដ្ឋហាវ៉ៃរយៈពេល២ថ្ងៃ លោកបានជួបសន្ទនាតាមទូរស័ព្ទរយៈពេល២០នាទី ជាមួយអតីតប្រធានសភាតំណាងរាស្រ្តរបស់ សហរដ្ឋអាមេរិក គឺលោកស្រី Nancy Pelosi កាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូ ហើយអ្នកទាំងពីរ បានពិភាក្សាគ្នាអំពីការគំរាមកំហែងផ្នែកយោធារបស់ចិន។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំ ឬមន្ត្រីជាន់ខ្ពស់របស់តៃវ៉ាន់ ទៅបរទេស តែងតែធ្វើឱ្យមេដឹកនាំចិនក្ដៅស្លឹកត្រចៀក ពីព្រោះថាប៉េកាំងចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដី របស់ខ្លួន ហើយប្រឆាំងនឹងរាល់ការទទួលស្គាល់តៃវ៉ាន់ជាលក្ខណៈអន្តរជាតិផងដែរ។
បន្ទាប់ពីប្រទេសដែនកោះ Marshall Islands លោក Lai Ching-te នឹងបន្តធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសដែនកោះ Tuvalu និង Palau។ ប្រទេសដែនកោះទាំង៣នេះ ស្ថិតក្នុងចំណោមប្រទេស នៅសល់ត្រឹម១២លើពិភពលោក ដែលបន្តរក្សាទំនាក់ទំនងផ្លូវការជាមួយទីក្រុងតៃប៉ិ។ នៅតាមផ្លូវ ពេលត្រឡប់មកវិញ លោក Lai ក៏នឹងឆ្លៀត ឈប់សំចតនៅកោះហ្កាំ ដែលជាទឹកដីរបស់អាមេរិក ផងដែរ៕