(ប៉ារីស)៖ រដ្ឋាភិបាលបារាំងកំពុងប្រឈមមុខនឹងការដួលរលំនៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីគណបក្សសាំនិយមជ្រុល និងឆ្វេងនិយម បានដាក់ញត្តិអំពាវនាវឱ្យមានការបោះឆ្នោត ដកសេចក្ដីទុកចិត្ត កាលពីថ្ងៃចន្ទ ទី២ ខែធ្នូ ប្រឆាំងនឹងនាយករដ្ឋមន្ត្រី លោក មីឆែល បានីញ៉េ (Michel Barnier)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មេដឹកនាំគណបក្សស្ដាំនិយមជ្រុល National Rally (RN) លោកស្រី Marine Le Pen បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯសភាបារាំងថាលោក Barnier ដែលទើបតែចូលកាន់ តំណែងជានាយករដ្ឋមន្ត្រីកាលពីខែកញ្ញាកន្លងទៅបានធ្វើឱ្យរឿងគ្រប់យ៉ាងកាន់តែអាក្រក់ឡើង ដែលគួរតែត្រូវបានបណ្ដេញចេញពីតំណែង។ «យើងបានដាក់ញត្តិមួយអំពាវនាវ ឱ្យមានការបោះឆ្នោតដកសេចក្ដីទុកចិត្តប្រឆាំងនឹងរដ្ឋាភិបាល»។ នេះជាការបញ្ជាក់របស់លោកស្រី Marine Le Pen។

គួរបញ្ជាក់ថា ប្រសិនបើការបោះឆ្នោតដកសេចក្ដីទុកចិត្តទទួលបានជោគជ័យ នោះរដ្ឋាភិបាលចម្រុះដឹកនាំដោយលោក Barnier នឹងក្លាយជារដ្ឋាភិបាលដំបូងបំផុតរបស់បារាំង ដែលត្រូវបានបណ្ដេញចេញពីអំណាចតាមរយៈការបោះឆ្នោតដកសេចក្ដីទុកចិត្ត ចាប់តាំងពីឆ្នាំ១៩៦២មក។ ការបោះឆ្នោតដកសេចក្ដីទុកចិត្តនេះដែរត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅ នៅថ្ងៃពុធសប្ដាហ៍នេះ៕