(បេរូត)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ មនុស្ស ៩នាក់ត្រូវបានសម្លាប់ និង ៣នាក់របួស ដោយការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុង Talousa និង Haris ភាគខាងត្បូងលីបង់ ខណៈយោធាអ៉ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារ​គោលដៅជាច្រើនរបស់​ក្រុម​ហេសបូឡា​ នៅ​ទូទាំង​ប្រទេស​លីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ ២០២៤។

អាជ្ញាធរលីបង់ ក៏បានរាយការណ៍ពីករណីស្លាប់មនុស្ស ២នាក់បន្ថែមទៀត ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល លើផ្នែកផ្សេងទៀតនៃប្រទេស រួមទាំងសមាជិកកងកម្លាំងសន្តិសុខជាតិម្នាក់ ដែលកំពុងអនុវត្តតួនាទីរបស់ខ្លួន នាំឱ្យអ្នកស្លាប់សរុបមានចំនួន ១៣នាក់។

ការវាយប្រហាររបស់អ៉ីស្រាអែល ធ្វើឡើងបន្ទាប់ពីហេសបូឡាចោទប្រកាន់អ៉ីស្រាអែល ថាបានបំពានបទឈប់បាញ់ រួចហើយក្រុមនេះបានបាញ់មីស៉ីល ទៅលើទីតាំងយោធាអ៉ីស្រាអែល ដែលស្ថិតក្នុងតំបន់ប្រយុទ្ធគ្នា Shebaa Farms ជាការការពារខ្លួនទុកមុន។ តាមយោធាអ៉ីស្រាអែល មិនមានអ្នកស្លាប់ទេ ដោយសារការបាញ់មីស៉ីលនេះ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ប្តេជ្ញាថានឹងឆ្លើយតបវិញឱ្យបានខ្លាំងក្លា។

គួរបញ្ជាក់ថា បទឈប់បាញ់មួយ សម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង ហាមប្រាមអ៉ីស្រាអែល ពីការធ្វើប្រតិបត្តិការយោធាវាយលុក នៅក្នុងប្រទេសលីបង់ ខណៈដែលតម្រូវឱ្យលីបង់រារាំងក្រុមប្រដាប់អាវុធ រួមទាំងហេសបូឡា ពីការវាយប្រហារលើអ៉ីស្រាអែល។ ការ​បាញ់ផ្លោងដាក់​គ្នា​ថ្មីនេះ​ ធ្វើ​ឱ្យ​បទ​ឈប់​បាញ់ស្ថិត​ក្នុង​ភាព​ផុយស្រួយ​​ខ្លាំង​ ព្រោះវាបានកើតឡើង​មិន​ដល់​មួយ​សប្តាហ៍ផង ​បន្ទាប់​ពី​ចូល​ជា​ធរមាន៕