(ប៉េកាំង)៖ នៅពេលជួបរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោកស្រី Annalena Baerbock រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បានព្រមានថា ការគាំទ្ររបស់ទីក្រុងប៉េកាំងសម្រាប់ទីក្រុងមូស្គូ នឹងប៉ះពាល់ដល់ទំនាក់ទំនងចិន-អាល្លឺម៉ង់ ហើយស្នើចិនជួយបញ្ចប់សង្រ្គាមអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ ២០២៤។

លោកស្រី Baerbock និយាយថា សង្រ្គាមជាង ១,០០០ថ្ងៃនៅអ៊ុយក្រែន កំពុងជះឥទ្ធិពលដល់ពិភពលោកទាំងមូល ហើយមានវត្តមានកងទ័ពកូរ៉េខាងជើង និងការប្រើប្រាស់យន្តហោះដ្រូនផលិតដោយចិន។ លោកស្រីបានជំរុញ ឱ្យមានដំណើរការសន្តិភាពអន្តរជាតិសម្រាប់អ៊ុយក្រែន ដោយបញ្ជាក់ថា «នោះហើយជាមូលហេតុដែលខ្ញុំមកកាន់ចិន នៅថ្ងៃនេះ។ សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រប់ៗរូប មានទំនួលខុសត្រូវចំពោះសន្តិភាព និងសន្តិសុខពិភពលោក»

ចំណែក លោក Wang Yi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយអាល្លឺម៉ង់។ លោក Wang ប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលេខ ២ និងលេខ ៣ របស់ពិភពលោក ចិន និងអាល្លឺម៉ង់ត្រូវតែកែលម្អទំនាក់ទំនង ក្នុងនាមជាមហាអំណាច នៅក្នុងស្ថានភាពអន្តរជាតិដ៏ច្របូកច្របល់»

គួរបញ្ជាក់ថា ប្រមុខការទូតអាល្លឺម៉ង់ត្រូវជួបប្រមុខការទូតចិន សម្រាប់កិច្ចសន្ទនាជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ខណៈទីក្រុងបែរឡាំស្វែងរក ការកសាងទំនាក់ទំនងកាន់តែប្រសើរជាមួយចិន ចំពេលប្រឈមមុខនឹងភាពខ្វែងគំនិតគ្នាលើបញ្ហាធំៗ។ ជុំវិញសង្រ្គាមអ៊ុយក្រែន កន្លងមកចិនតាំងខ្លួនឯងជាភាគីអព្យាក្រឹត ហើយបដិសេធបញ្ជូនជំនួយយោធា ទៅភាគីណាមួយនៃជម្លោះ ប៉ុន្តែបន្តរក្សាសម្ព័ន្ធភាពជិតស្និទ្ធខាងនយោបាយ និងសេដ្ឋកិច្ចជាមួយរុស្ស៉ី។ សមាជិកណាតូបានចាត់ទុកទីក្រុងប៉េកាំងថាជា អ្នកសម្រេចចិត្តមួយនៃសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន៕