(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានឱ្យដឹងថា ប្រមុខការពារជាតិនៃប្រទេសទាំងពីរ បានពិភាក្សាគ្នាកាលពីថ្ងៃចន្ទ ទី២ ខែធ្នូ អំពីការប្រើប្រាស់មីស៉ីលបាលិស្ទីគថ្មីដោយរុស្ស៉ី ព្រមទាំងអំពីការត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំបន្ទាប់នៃក្រុមប្រទេសដែលផ្តល់ជំនួយសព្វាវុធ និងផែនការនៃការផ្តល់ជំនួយយោធារបស់ទីក្រុងវ៉ាស៉ីនតោន សម្រាប់ឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កិច្ចពិភាក្សាខាងលើកើតមានឡើង ស្របពេលអាមេរិកប្រកាសថា នឹងបញ្ជូនមីស៉ីល គ្រាប់រំសេវ គ្រាប់មីនប្រឆាំងមនុស្ស រួមជាមួយសព្វាវុធផ្សេងៗទៀត គិតជាទឹកប្រាក់ស្មើនឹង ៧២៥លានដុល្លារ ឱ្យទៅអ៊ុយក្រែន ខណៈរដ្ឋបាលប្រធានាធិបតីអាមេរិកចាំផ្ទះ លោក ចូ បៃដិន ខិតខំព្យាយាមជួយពង្រឹងទីក្រុងកៀវ មុនចាកចេញពីតំណែង។
បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ អំឡុងការពិភាក្សាគ្នានោះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានថ្កោលទោស ការបាញ់ស្រោចមីស៉ីលនិងដ្រូន មួយរយៈចុងក្រោយនេះរបស់រុស្ស៉ី ដែលបានកំណត់គោលដៅលើ ហេដ្ឋារចនាសម្ព័ន្ធស៉ីវិល ព្រមទាំងការប្រើប្រាស់មីស៉ីលបាលិស្ទីគល្បឿនលឿនជាងសំឡេង ដែលមានកម្រិតរយៈចម្ងាយ IRBM នៅអ៊ុយក្រែន។
គួរបញ្ជាក់ថា បើតាមរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនផ្ទាល់ គឺលោក Rustem Umerov កិច្ចសន្ទនាតាមទូរស័ព្ទនោះ ក៏បានផ្តោតផងដែរលើ ការរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៥ ជាពិសេសពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់សព្វាវុធ សម្ភារ និងការបំពាក់គ្រឿងបរិក្ខារ សម្រាប់កងទ័ពអ៊ុយក្រែន។ បើតាមលោក Umerov រូបលោក ថែមទាំងបានជជែកជាមួយលោក Austin អំពីការត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំបន្ទាប់ទៀត នៃក្រុម Ramstein Group ដែលជាសម្ព័ន្ធភាពនៃប្រទេសណាតូ និងសហភាពអឺរ៉ុប ដែលបានជួយគាំទ្រអ៊ុយក្រែន។
គួរបញ្ជាក់ថា កិច្ចប្រជុំបន្ទាប់នៃក្រុម Ramstein Group ទំនងនឹងក្លាយជាកិច្ចប្រជុំចុងក្រោយ របស់បណ្តាសម្ព័ន្ធមិត្តទីក្រុងកៀវ មុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ ដោយសារយុទ្ធសាស្រ្តរបស់អាមេរិកស្តីពីអ៊ុយក្រែន ទំនងជានឹងប្រែប្រួល នៅពេលលោក ត្រាំ ចូលកាន់តំណែង ទីក្រុងកៀវកំពុងតែព្រួយបារម្ភថា ការផ្តល់ជំនួយពីទីក្រុងវ៉ាស៉ីនតោន ដែលជាអ្នកគាំទ្រធំបំផុតរបស់ទីក្រុងកៀវ ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី នឹងត្រូវថយចុះខ្លាំង៕