(ព្រុចសែល)៖ ប្រភពពីក្រុមអ្នកការទូត បានឱ្យដឹងថា អង្គការ NATO ទំនងជានឹងមិនស្តាប់តាម ការអំពាវនាវរបស់អ៊ុយក្រែនឡើយ ដែលចង់ឱ្យខ្លួនទទួលបានការអញ្ជើញចូលជាសមាជិក NATO ក្នុងកិច្ចប្រជុំនាថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងលិខិតផ្ញើទៅកាន់សមភាគី NATO មុនកិច្ចប្រជុំខាងលើ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយថា ការអញ្ជើញចូលជាសមាជិកពីសំណាក់ NATO នឹងលុបចោលហេតុផលចម្បងមួយរបស់រុស្ស៉ី សម្រាប់ការធ្វើសង្រ្គាមរបស់ខ្លួន នោះគឺរារាំងមិនឱ្យអ៊ុយក្រែនចូលរួម ក្នុងបក្សសម្ព័ន្ធយោធាមួយនេះ។ យ៉ាងណាមិញ បើតាមប្រភពពី ក្រុមមន្រ្តីការទូត គឺពុំមានសញ្ញាដែលបង្ហាញថា សមាជិកទាំង៣២ របស់ NATO នឹងមូលមតិគ្នាជាឯកច្ឆន្ទ លើការសម្រេចចិត្តបែបនោះ នៅឯកិច្ចប្រជុំឡើយ។

អ៊ុយក្រែនមើលឃើញ សមាជិកភាព NATO គឺជាការធានាប្រសើរជាងគេបំផុត សម្រាប់អនាគតនៃសន្តិសុខរបស់ខ្លួន។ នៅក្រោម​មាត្រា៥ នៃកិច្ចព្រមព្រៀងរបស់ NATO សមាជិកទាំងអស់ឯកភាពគ្នា ចាត់ទុកការវាយប្រហារលើសមាជិកមួយ មានន័យស្មើនឹង ការវាយប្រហារលើសមាជិកទាំងអស់ ហើយត្រូវចូលរួមជួយគ្នា។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហើបថា ការដាក់ទឹកដីអ៊ុយក្រែនបច្ចុប្បន្ន ដែលកំពុងគ្រប់គ្រងដោយរដ្ឋាភិបាលរបស់លោក ឱ្យស្ថិតក្រោម «ឆ័ត្រ NATO» នឹងជួយបញ្ឈប់ «ដំណាក់កាលក្តៅ» នៃសង្រ្គាម។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក គឺចំពេលដែលអ៊ុយក្រែន ត្រូវប្រឈមមុខនឹងរដូវរងាដ៏លំបាកជាថ្មីម្តងទៀត លើសមរភូមិ ដោយកងកម្លាំងរបស់រុស្ស៉ី បន្តទទួលបានភាពរីកចម្រើន នៅភាគខាងកើត ហើយការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី បានកំណត់គោលដៅលើ បណ្តាញហេដ្ឋារចនាសម្ព័ន្ធថាមពល របស់អ៊ុយក្រែន។ ស្របពេលដែល NATO ធ្លាប់ប្រកាសថា អ៊ុយក្រែននឹងបានចូលរួមជាសមាជិក ហើយផ្លូវរបស់អ៊ុយក្រែន មកកាន់ NATO គឺមិនអាចប្រែក្រឡាស់វិញក៏ដោយ NATO មិនទាន់បានអញ្ជើញ ឬកំណត់ពេលវេលាណាមួយ សម្រាប់សមាជិកភាព នៅឡើយទេ៕