(ឡុងដ៍)៖ កាលពីថ្ងៃចន្ទ ទី២ ខែធ្នូ នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយថា ការបង្កើនការគាំទ្រ ដល់អ៊ុយក្រែនមានសារសំខាន់ ដើម្បីជួយឱ្យអ៊ុយក្រែន អាចស្ថិតលើគោលជំហររឹងមាំបំផុតមួយ សម្រាប់កិច្ចចរចារកសន្តិភាព ស្របពេលលោកទទួលស្គាល់ថា សង្រ្គាមអ៊ុយក្រែនប្រហែលអាចបញ្ចប់បាន តាមរយៈការចរចា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Starmer បាននិយាយដូច្នេះថា «យើងចាំបាច់ត្រូវតែបន្តគាំទ្រអ៊ុយក្រែន ហើយធ្វើគ្រប់យ៉ាងដើម្បីគាំទ្រអ៊ុយក្រែន ទោះត្រូវ​ចំណាយពេលយូរប៉ុនណាក៏ដោយ ដើម្បីឱ្យអ៊ុយក្រែន ស្ថិតនៅលើគោលជំហរដ៏រឹងមាំបំផុតមួយ សម្រាប់ការចរចា ព្រោះបើបែបនោះ ពួកគេអាចឆ្ពោះទៅសម្រេចបាន សន្តិភាពមួយ ដែលមានយុត្តិធម៌ និងឋិតថេរយូរអង្វែង ស្របតាមលក្ខខណ្ឌរបស់ពួកគេ ដែលធានាសន្តិសុខ និងឯករាជ្យរបស់ពួកគេ ព្រមទាំងសិទ្ធិដើម្បីជ្រើសរើស អនាគតរបស់ពួកគេផ្ទាល់»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្រ្តីអង់គ្លេស គឺចំពេលដ៏សំខាន់មួយក្នុងសង្រ្គាមនៅអ៊ុយក្រែន ដោយរុស្ស៉ីកំពុង​តែរុលទៅមុខក្នុងសន្ទុះលឿនបំផុត គិតចាប់តាំងពីឆ្នាំ២០២២មក ហើយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលមិនគាំទ្រការផ្តល់ជំនួយច្រើនលើសលប់របស់អាមេរិក ឱ្យទៅអ៊ុយក្រែន បានសន្យាថា នឹងបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ក្រោយពេលលោកស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ៕