(បាងកក)៖ អាជ្ញាធរថៃ នាថ្ងៃអង្គារ ទី៣ ខែធ្នូ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅភាគខាងត្បូងប្រទេស បានកើនដល់យ៉ាងហោច២៥នាក់ ខណៈបើតាមការព្យាករ គឺនឹងនៅបន្តមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្មានថ្ងៃបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ខេត្តសរុបចំនួន១២ នៅប៉ែកខាងត្បូងប្រទេសថៃ បានរងការវាយប្រហារដោយគ្រោះទឹកជំនន់ ចាប់តាំងពីចុងខែវិច្ឆិកា ដែលប៉ះពាល់ដល់ប្រជាជនសរុប ៤១០ ៤៥១នាក់។ តួលេខថ្មីខាងលើនៃអ្នកស្លាប់ គឺជាការធ្វើបច្ចុប្បន្នភាពតួលេខចាស់ ចំនួន៩នាក់ ដែលត្រូវបានរាយការណ៍ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ មនុស្សជាង ២២ ០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ដោយសារទឹកជំនន់ នៅខេត្ត Pattani, Narathiwat, Songkhla និង Yala។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ទីភ្នាក់ងារឧតុនិយមថៃ បានព្រមានថែមទៀត អំពីការបន្តធ្លាក់ភ្លៀងខ្លាំង រហូតដល់យ៉ាងហោចថ្ងៃទី៥ ខែធ្នូ។ ខាងរដ្ឋាភិបាលថៃ បានដាក់ពង្រាយ ក្រុមជួយសង្រ្គោះ និងបានបែងចែកថវិកា ប្រមាណ៥០លានបាត (១.៤៥លានដុល្លារ) ដល់ខេត្តនីមួយៗ សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែងសង្រ្គោះទឹកជំនន់។ ក្នុងថ្ងៃដដែលនេះ គណៈរដ្ឋមន្រ្តីថៃ ក៏បានអនុម័តការផ្តល់ប្រាក់ ៩ ០០០បាត (ជាង២៦០ដុល្លារ) ក្នុងមួយគ្រួសារ ដល់ប្រជាជនដែលរងផលប៉ះពាល់ ផងដែរ៕