(គូឡាឡាំពួ)៖ អ្នកស្រុកនៃទីក្រុង Tumpat របស់ម៉ាឡេស៉ី បានត្រលប់ទៅផ្ទះដែលនៅជន់លិចដោយទឹក និងហាងលក់ទំនិញ របស់ពួកគេវិញហើយ ខណៈទឹកជំនន់ដ៏អាក្រក់បានធូរស្រាលខ្លះ ក្នុងតំបន់មួយចំនួន ហើយភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ត្រូវបានព្យាករនៅថ្ងៃអង្គារ ទី៣ ខែធ្នូនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មួយផ្នែកនៃប្រទេសម៉ាឡេស៉ី ពិសេសតំបន់ឆ្នេរភាគឦសាន និងភាគខាងត្បូងប្រទេសថៃ បានទទួលរងនូវភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ធ្ងន់ធ្ងរ សម្លាប់មនុស្សជាច្រើន បំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងដំណាំស្រូវ រាប់ពាន់ហិកតា។
Tumpat ដែលជាទីក្រុងឆ្នេរសមុទ្រ ក្នុងរដ្ឋ Kelantan ជិតព្រំដែនថៃ ប្រជាជនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដែលខ្លះបានដួលរលំដោយផ្នែក ដូចជាជញ្ជាំង ដំបូលជាដើម។ នាយកដ្ឋានឧតុនិយមម៉ាឡេស៉ី ព្យាករថា ខ្យល់បក់បោក នឹងចាប់ផ្តើមនៅថ្ងៃអង្គារ ដែលអាចនាំមកនូវភ្លៀងធ្លាក់ខ្លាំង ជាមួយនិងការវិវត្តន៍ទៅជាខ្យល់មូសុង នៅថ្ងៃទី៨ ខែធ្នូ។
គួរបញ្ជាក់ថា ទឹកជំនន់ក្នុងប្រទេសម៉ាឡេស៉ី បណ្តាលមនុស្ស ៦នាក់ស្លាប់ និងច្រើនជាង ១៥០ ០០០នាក់ត្រូវជម្លៀស កាលពីសប្តាហ៍មុន។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ អ្នកបន្តស្ថិតក្នុងជម្រកសុវត្ថិភាព នៅសល់ចំនួន ៩៥ ០០០នាក់ ស្របពេលដែលអាជ្ញាធរ នៅតែបន្តការងារជួយសង្រ្គោះ ករណីមានទឹកជំនន់ជាលើកទីពីរ ក្នុងសប្តាហ៍នេះ៕