(ប៉េកាំង)៖ ថ្ងៃទី២ ខែធ្នូ ពេលអញ្ជើញចូលរួមពិធីសំណេះសំណាលលើកទី៤ ស្តីពីការងារកសាង “ខ្សែក្រវាត់និងផ្លូវ”និងថ្លែងសុន្ទរកថាគន្លឹះនៅក្រុងប៉េកាំង លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានលើកឡើងថា ក្រោមបរិយាកាសអន្តរជាតិដ៏ម៉ឺងម៉ាត់ និងស្មុគ្រស្មាញនាពេលបច្ចុប្បន្ន គឺមានទាំងកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”តាមរយៈការអភិវឌ្ឍ ប្រកបដោយគុណភាព ប៉ុន្តែកាលានុវត្តភាពច្រើនជាងបញ្ហាប្រឈម។
យើងត្រូវតែពង្រឹងជំនឿចិត្តខាងយុទ្ធសាស្ត្រ ហ៊ានរ៉ាប់រងការងារដោយទទួលខុសត្រូវ និងត្រួសត្រាយអនាគតដ៏ភ្លឺស្វាង សម្រាប់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”។ លោក Xi Jinping បានលើកឡើងថា បន្ទាប់ពីលើកឡើងគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” នៅឆ្នាំ២០១៣មក ក្រោមការដឹកនាំនៃមជ្ឈិមបក្សកុម្មុយនីស្តចិន និងតាមរយៈការខិតខំ ប្រឹងប្រែងរបស់ភាគីនានា ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានរួមចំណែករបស់ប្រទេសចិន ក្នុងការពង្រឹង ចំណងមិត្តភាពជាមួយ បណ្តាប្រទេសពាក់ព័ន្ធ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃបណ្តាប្រទេសពាក់ព័ន្ធ។
បច្ចុប្បន្ន ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានឈានចូលដំណាក់កាលថ្មី នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ត្រូវតែប្រកាន់ខ្ជាប់ផែនការគោល និងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចផែនការ ជម្នះហានិភ័យនិងបញ្ហាប្រឈមផ្សេងៗ ដោយអង់អាចក្លាហាន និងជំរុញដោយមិនងាករេនូវការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” តាមរយៈការអភិវឌ្ឍ ប្រកបដោយគុណភាព ដើម្បីរួមចំណែកកាន់តែច្រើនដល់ ការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន