(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ លោកត្រាំប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក បានបង្ហោះសារ តាមគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា អាមេរិកគ្រោងនឹងយកពន្ធគយ ២៥%ចំពោះទំនិញដែលនាំចូលពី ប្រទេសម៉ិកស៊ិកនិងកាណាដា ក្នុងពេលជាមួយគ្នានេះ នឹងដំឡើងពន្ធគយ១០% ចំពោះទំនិញទាំងអស់ដែលនាំចូលពីប្រទេសចិន។
ទោះបីជាមិនទាន់ឡើងកាន់មុខតំណែងក៏ដោយ ប៉ុន្តែលោកត្រាំក៏បានចាប់ផ្តើមត្រៀមលក្ខណៈសម្រាប់បញ្ជីពន្ធគយរួចហើយ។ ទាក់ទិននឹងករណីនេះ រដ្ឋាភិបាលម៉ិកស៊ិកបានថ្លែងថា ប្រសិនបើភាគីអាមេរិកទទូចធ្វើបែបនេះ នោះភាគីម៉ិកស៊ិក នឹងសងសឹកដូចគ្នាវិញ ដោយដំឡើងពន្ធគយចំពោះ ផលិតផលរបស់អាមេរិក។ ដើម្បីទប់ទល់នឹងការគំរាមកំហែងខាងពន្ធគយ លោក Trudeau នាយករដ្ឋមន្រ្តីកាណាដាបានធ្វើដំណើរទៅដល់ រដ្ឋផ្លរីដានៃប្រទេសអាមេរិក ដើម្បីជួបពិភាក្សាការងារ ជាមួយលោកត្រាំ។ ក្រៅពីនេះ មន្រ្តីជាន់ខ្ពស់មួយរូប នៃប្រទេសកាណាដាបានថ្លែងថា បន្ទាប់ពីលោកត្រាំបញ្ចេញការគំរាមកំហែង ខាងពន្ធគយ កាណាដាកំពុងត្រៀមលក្ខណៈសម្រាប់ឆ្លើយតប នឹងស្ថានការណ៍ដែលនឹងកើតឡើងជាយថាហេតុ ព្រមទាំងចាប់ផ្តើមគិតពិចារណាពីការយកពន្ធគយ ជាលក្ខណៈសងសឹកចំពោះផលិតផលអាមេរិកមួយចំនួន។
បើនិយាយចំពោះអាមេរិក គោលនយោបាយពន្ធគយមានផលល្អផង ហើយក៏មានផលអាក្រក់ផងដែរ។ ក្នុងរយៈពេលដ៏ខ្លីខាងមុខ គោលនយោបាយពន្ធគយប្រហែល នឹងជំរុញឱ្យឧស្សាហកម្មកម្មន្តសាលនៃប្រទេសអាមេរិកស្តារឡើងវិញ ជួយឧស្សាហកម្មក្នុងស្រុក អាមេរិកទទួលការអភិវឌ្ឍ ហើយបង្កើតឱកាសការងារកាន់តែច្រើន។ ប៉ុន្តែ បើមើលពីរយៈពេលវែង ការដំឡើងពន្ធគយនឹងបណ្តាល ឱ្យដើមទុននៃទំនិញនាំចូលកើនឡើង ដើម្បីស្រោចស្រង់ការខាតបង់ទាំងនេះ ជាធម្មតា ពាណិជ្ជករនាំចូលនឹងដំឡើងថ្លៃលក់ទំនិញ ចុងក្រោយ ពន្ធគយដែលត្រូវបានដំឡើងនឹងរ៉ាប់រងដោយអ្នកប្រើប្រាស់។ លោក Knittelសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ច នៃវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេតអាមេរិកបានថ្លែងថា "យើងសម្គាល់ឃើញថា ប្រហែលពន្ធគយចំនួន៧៥%នឹងត្រូវរ៉ាប់រងដោយអ្នកប្រើប្រាស់” ។ នេះគឺមានន័យថា គ្រួសារជនជាតិអាមេរិកគិតជាមធ្យម នឹងចំណាយប្រហែល ១២០០ដុល្លារអាមេរិកបន្ថែមទៀតក្នុងមួយឆ្នាំ។
បើនិយាយចំពោះប្រទេសចិន ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើនភាពធន់នៃសេដ្ឋកិច្ចឥតឈប់ឈរ តាមរយៈយុទ្ធសាស្រ្តពាណិជ្ជកម្មដ៏ច្រើនបែបយ៉ាង។ខណៈពេលប្រឈមមុខ នឹងកម្លាំងសម្ពាធមកពីខាងក្រៅ ក៏អាចប្រកាន់ស្មារតីនឹងធឹងឥតស្លន់ស្លោដែរ។ ប្រទេសចិនបានពន្លឿនកិច្ចកសាងដំណើរវិលជុំនៃសេដ្ឋកិច្ចក្នុងស្រុក ព្រមពេលជាមួយគ្នានេះ បានត្រួសត្រាយយ៉ាងសកម្មនូវទីផ្សារងើបឡើងថ្មី ហើយពន្លឿនការជំរុញសកលភាវូបនីយកម្ម ប្រាក់យាន់ចិននិងលើកកម្ពស់លំដាប់ថ្នាក់ តាមរយៈការបង្កើន កិច្ចសហប្រតិបត្តិការស្តីពី "ខ្សែក្រវាត់និងផ្លូវ” និងបង្កើតកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចយ៉ាងទូលំទូលាយជាមួយអាស៊ាន រុស្ស៊ី អាហ្រ្វិកនិងអាមេរិកឡាទីនជាដើម។ ទស្សនាវដ្តី «The Diplomat» របស់អាមេរិកបានចុះផ្សាយអត្ថបទថា បើមើលពីទស្សនៈរបស់ប្រទេសចិន ការសងសឹកដ៏ល្អបំផុត គឺប្រើកម្លាំងជាក់ស្តែងមកការពារខ្លួនឯង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានពង្រឹង កម្លាំងជាក់ស្តែងខាងសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងបរិយាកាសអន្តរជាតិ ដែលកាន់តែមិនប្រាកដប្រាជា។
បើមើលពីចក្ខុវិស័យទូទាំងពិភពលោក គោលនយោបាយពន្ធគយរបស់លោកត្រាំ នឹងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងវែងឆ្ងាយ ចំពោះខ្សែសង្វាក់ឧស្សាហកម្មសកល។ ខ្សែសង្វាក់ផ្គត់ផ្គង់ ដ៏ជិតស្និទ្ធរវាងអាមេរិក កាណាដានិងម៉ិកស៊ិកប្រហែល នឹងកែសម្រួលដោយបង្ខំ ផលិតភាពមួយចំនួនប្រហែល នឹងផ្ទេរទៅកាន់ប្រទេសនិងតំបន់ផ្សេងទៀត ដូច្នេះ នឹងបង្កើតជាថ្មីឡើងវិញ នូវរចនាសម្ព័ន្ធដើមទុននិងនិម្មាបនកម្មប្រកួតប្រជែង នៃឧស្សា្កម្មកម្មន្តសាលពិភពលោក។ ក្នុងពេលជាមួយគ្នានេះ គោលនយោបាយនេះ ក៏នឹងបណ្តាលឱ្យវិវាទពាណិជ្ជកម្មរវាងអាមេរិក និងសម្ព័ន្ធមិត្តដទៃទៀតកាន់តែធ្ងន់ធ្ងរ ក៏ដូចជារង្គោះរង្គើដល់ស្ថិរភាព របស់ពាណិជ្ជកម្មសកលផងដែរ។
លោកត្រាំនិងអ្នកគាំទ្ររបស់គាត់បានយល់ឃើញថា គោលនយោបាយពន្ធគយអាចជំរុញឱ្យឧស្សាហកម្មកម្មន្តសាល វិលត្រឡប់ទៅរកអាមេរិកវិញ ជំរុញដល់កំណើននៃឱកាសការងារ ហើយបង្កើនសមត្ថភាពជា ម្ចាស់ការរបស់សេដ្ឋកិច្ចអាមេរិក។ប៉ុន្តែ ក្នុងដំណើរការធ្វើសកលភាវូបនីយកម្ម និងសមាហរណកម្មសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ សកម្មភាពសេដ្ឋកិច្ចរវាង បណ្តាប្រទេសនានា និងរវាងតំបន់នានាលើពិភពលោក វាគឺពឹងផ្អែកគ្នាទៅវិញទៅមក និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ការដំឡើងពន្ធគយមានតែធ្វើឱ្យអតិផរណារបស់អាមេរិកកាន់តែធ្ងន់ធ្ងរ ព្រមទាំងបណ្តាលឱ្យវិវាទពាណិជ្ជកម្មសកល ឡើងកម្តៅថែមមួយកម្រិតទៀតប៉ុណ្ណោះ ចុងក្រោយ សង្រ្គាមពាណិជ្ជកម្មដែលបំផុសឡើងដោយអាមេរិក នឹងប៉ះពាល់ដល់ពិភពលោកទាំងមូល គោលនយោបាយពន្ធគយនឹងនាំមក នូវផលអាក្រក់ដែលបំផ្លាញផលប្រយោជន៍ ទាំងអ្នកដទៃផងនិងខ្លួនឯងផងបែបនេះ អាមេរិកគួរគិតមុនសឹមគូរ!
វិទ្យុមិត្តភាពកម្ពុជាចិន