(ប៉េកាំង)៖ ផ្លូវជនបទជាផ្លូវបង្កើនប្រាក់ចំណូល ផ្លូវសុភមង្គល ផ្លូវតភ្ជាប់ចិត្ត និងផ្លូវស្តារជនបទឡើងវិញរបស់ប្រជាជនចិន។ ដើម្បីជួយកសិករចិនទទួលបាន ប្រាក់ចំណូលកាន់តែច្រើនឡើង កាលពីឆ្នាំ២០១៤ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានលើកឡើងជាបឋមនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្លូវជនបទ ដែលកសាងល្អ គ្រប់គ្រងល្អ អភិរក្សល្អនិងដំណើរការល្អ។
យុទ្ធសាស្ត្រ «ផ្លូវជនបទល្អ៤យ៉ាង» របស់ប្រទេសចិន ផ្តោតលើការធ្វើនិងជួសជុលផ្លូវ បានកែប្រែមុខមាត់របស់ជនបទចិន ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ បានផ្តល់ការធានាខ្លាំងចំពោះ ការបង្កើនប្រាក់ចំណូលកសិករចិន និងការស្តារជនបទចិនឡើងវិញ ដោយគ្រប់ជ្រុងជ្រោយ។ នៅភូមិ Shenshan ក្រុង Jinggangshan ខេត្ត Jiangxi ក្រោយពីផ្លូវថ្នល់តភ្ជាប់ក្នុងភូមិ កសិផលពិសេសរបស់អ្នកភូមិ បានលក់ចេញទៅគ្រប់ទីកន្លែងទូទាំងប្រទេសចិន។
រយៈពេល១០ឆ្នាំកន្លងទៅ ប្រទេសចិនបានពន្លឿនកិច្ចកសាងផ្លូវជនបទល្អ៤យ៉ាង ចិនបានបោះទុនដើម្បីកសាងផ្លូវតាមជនបទ ចំនួនសរុបដល់ទៅ៤,៣ទ្រីលានយាន់ប្រាក់ចិន។ តាមផែនការ ដល់ឆ្នាំ២០៣៥ ប្រវែងសរុបនៃផ្លូវជនបទល្អ៤យ៉ាង របស់ចិននឹងកើនដល់ ៥លានគីឡូម៉ែត្រ។ នៅខេត្ត Shanxi នៅចុងឆ្នាំ២០២៤នេះ ផ្លូវជនបទចំនួន៣នៅខេត្តសានស៊ី នឹងដាក់ឱ្យដំណើរការ ជាផ្លូវការ ដែលរួមមានផ្លូវទន្លេលឿងលេខ១ ផ្លូវមហាកំពែងលេខ១ និងផ្លូវ Taihang លេខ១ ដែលអាចតភ្ជាប់ស្រុក១១៣ ទូទាំងខេត្តជាមួយតំបន់ទេសចរណ៍ ក្នុងខេត្តចំនួនរាប់ពាន់កន្លែង ហើយអាចជួយប្រជាជនចំនួន ២សែននាក់ទទួលបានឱកាសការងារក្បែរផ្ទះ។
រយៈពេល១០ឆ្នាំកន្លងទៅនេះ តាមភូមិឃុំដែលមានលក្ខខណ្ឌសមល្មមសុទ្ធតែបានធ្វើផ្លូវបេតុង ដែលរថយន្តដឹកអ្នកដំណើរ អាចទៅដល់ សេវាប្រៃសណីយ៍អាចទៅដល់។ «ផ្លូវជនបទល្អ៤យ៉ាង» ដែលផ្តួចផ្តើមដោយលោក Xi Jinping មេដឹកនាំកំពូលចិនបានផ្តល់ ការគាំទ្រដ៏រឹងមាំចំពោះការធ្វើទំនើបកម្មតាមបែបផែនចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន