(ហ្គាហ្សា)៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងជើងតំបន់ហ្គាហ្សា បានសម្លាប់ប្រជាជនប៉ាឡេស្ទីន យ៉ាងហោចណាស់ ១៤នាក់ នៅថ្ងៃអង្គារសប្តាហ៍នេះ និងបញ្ជាឱ្យជម្លៀសប្រជាជននៅភាគខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ ២០២៤។

ក្នុងចំណោមអ្នកស្លាប់ មាន ៨នាក់ ស្ថិតនៅក្នុងទីប្រជុំជន Beit Lahiya និង ៤នាក់ទៀតនៅក្នុងទីក្រុងហ្គាហ្សា។ ការវាយប្រហារតាមអាកាសក៏បានសម្លាប់មនុស្ស ២នាក់ និងរបួសជាច្រើននាក់ នៅក្នុងជំរុំជនភៀសខ្លួន Jabalia ផងដែរ។

កងទ័ពអ៊ីស្រាអែល បានប្រតិបត្តិការនៅក្នុងតំបន់ភាគខាងជើងនៃហ្គាហ្សាតាំងពីខែតុលា ដោយអះអាងថា បានសម្លាប់ពួកសកម្មប្រយុទ្ធរាប់រយនាក់។ ចំណែកឯ ក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាម បានអះអាងថា ពួកគេបានសម្លាប់ទាហានអ៊ីស្រាអែលជាច្រើននាក់វិញដែរ ក្នុងការប៉ះទង្គិចគ្នា។

ក្នុងពេលជាមួយគ្នានេះ កងទ័ពអ៊ីស្រាអែលបានចេញបញ្ជាឱ្យជម្លៀសប្រជាជន នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ ប៉ាឡេស្ទីនបានចោទប្រកាន់អ៊ីស្រាអែល ពីបទព្យាយាមរុញច្រានប្រជាជន ចេញពីតំបន់ភាគខាងជើង ដើម្បីបង្កើតតំបន់ការពារ។ ប៉ុន្តែ អ៊ីស្រាអែលបានបដិសេធការចោទប្រកាន់នេះ៕