(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសដាក់ច្បាប់អាជ្ញាសឹកជាបន្ទាន់នៅទូទាំងប្រទេស នៅយប់ថ្ងៃអង្គារនេះដោយចោទប្រកាន់ក្រុមប្រឆាំង ពីបទប្រឆាំងរដ្ឋ និងឃុបឃិតជាមួយកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។

លោក Yoon បានបញ្ជាក់ថា ច្បាប់អាជ្ញាសឹក គឺជាវិធានការចាំបាច់ដើម្បីការពារប្រទេស និងលុបបំបាត់ក្រុមប្រឆាំង។ តាមរយៈសុន្ទរកថាតាមទូរទស្សន៍ ដែលមិនមានការប្រកាសជាមុន លោក Yoon បានប្រកាសថា «ខ្ញុំសូមប្រកាសច្បាប់អាជ្ញាសឹក ដើម្បីការពារសាធារណរដ្ឋកូរ៉េសេរី ពីការគំរាមកំហែងរបស់កងកម្លាំងកុម្មុយនិស្តកូរ៉េខាងជើង» និងក្រុមប្រឆាំង ដែលលោកចោទថា ជា «កងកម្លាំងប្រឆាំងរដ្ឋ» ដែលកំពុងបំផ្លាញសេរីភាព និងសុភមង្គល របស់ប្រជាជន និងរដ្ឋធម្មនុញ្ញ។

លោក Yoon បានបន្ថែមថា លោកនឹងកសាងប្រទេសសេរី និងប្រជាធិបតេយ្យឡើងវិញ តាមរយៈច្បាប់អាជ្ញាសឹក។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់លម្អិត អំពីវិធានការជាក់លាក់ ដែលនឹងត្រូវអនុវត្តនោះទេ។

គួរបញ្ជាក់ថា ការប្រកាសច្បាប់អាជ្ញាសឹកនេះ ធ្វើឡើងក្នុងបរិបទនយោបាយដ៏តានតឹង នៅកូរ៉េខាងត្បូង ដែលលោក Yoon កំពុងតែប្រឈមមុខ នឹងការប្រឆាំងខ្លាំងពីសំណាក់សភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។ អ្នកវិភាគខ្លះយល់ថា ការប្រកាសច្បាប់អាជ្ញាសឹក អាចជាយុទ្ធសាស្រ្តមួយ របស់លោក Yoon ដើម្បីបង្ក្រាបក្រុមប្រឆាំង និងរឹតបន្តឹងអំណាចរបស់លោក៕