(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាននិយាយនៅថ្ងៃពុធ ទី៤ ខែធ្នូនេះថាលោកនឹងដកច្បាប់អាជ្ញាសឹកចេញវិញ បន្ទាប់ពីបានប្រកាសដាក់ឱ្យប្រើទូទាំងប្រទេស កាលពីប៉ុន្មានម៉ោងមុននេះ ដោយបង្កឱ្យមានភាពចលាចល និងភាពតាងតឹងជាមួយសភាជាតិដែលបានប្រឆាំងនឹងការប៉ុនប៉ងរបស់លោក ក្នុងការហាមឃាត់សកម្មភាពនយោបាយ និងរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងវិបត្តិនយោបាយដ៏ធំបំផុតរបស់កូរ៉េខាងត្បូង មិនធ្លាប់មាននារយៈពេលរាប់ទសវត្សរ៍មកនេះ លោក យូន បានធ្វើឱ្យប្រទេសជាតិទាំងមូលរំជើបរំជួលជាមួយការប្រកាសដាក់ចេញច្បាប់ អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារ ដើម្បីទប់ស្កាត់នូវអ្វីដែលហៅថា «កងកម្លាំងប្រឆាំងរដ្ឋ» ស្ថិតនៅក្នុងចំណោមអ្នកនយោបាយបក្សប្រឆាំង ដែលលោកចោទថាមានទំនោរងាកទៅរក កូរ៉េខាងជើង។ ប៉ុន្តែ ក្រុមសមាជិកសភាបានបដិសេធក្រឹត្យប្រកាសច្បាប់អាជ្ញាសឹករបស់លោក យូន ខណៈបើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap គណៈរដ្ឋមន្ត្រីរបស់លោក យូន បានយល់ព្រមដកច្បាប់អាជ្ញាសឹកចេញវិញនៅព្រឹកថ្ងៃពុធនេះ។

យ៉ាងណាក៏ដោយ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង បានឱ្យអំពាវនាវឱ្យលោក យូន ដែលបានឡើងកាន់តំណែងជាប្រធានាធិបតី កាលពីឆ្នាំ២០២០ ចុះចេញពីតំណែង ឬក៏ត្រូវប្រឈមមុខនឹងនីតិវីធីទម្លាក់ចេញពីតំណែង។ «បើទោះបីជាច្បាប់អាជ្ញាសឹកត្រូវបានដកចេញវិញក៏ដោយ លោក (លោក យូន) មិនអាចរួចខ្លួនពីការចោទប្រកាន់ពី ទង្វើក្បត់ជាតិនោះទេ ហើយវាបានបង្ហាញយ៉ាងច្បាស់ដល់ប្រជាជាតិទាំងមូលថាលោកប្រធានាធិបតី យូន លែងអាចបន្តដឹកនាំប្រទេសជាប្រក្រតីតទៅទៀតនោះទេ។ លោកគួរតែចុះចេញពី តំណែង»។ នេះជាការគូសបញ្ជាក់របស់សមាជិកសភាជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យនៅក្នុងសេចក្ដីថ្លែងការណ៍មួយ។

គួរបញ្ជាក់ថា ការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកនៅកូរ៉េខាងត្បូង បានកើតឡើងលើកចុងក្រោយបំផុតនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ រីឯច្បាប់អាជ្ញាសឹកប្រកាសដោយលោក យូន ដែល មានគោលដៅប្រឆាំងសត្រូវនយោបាយរបស់លោក ត្រូវបានសមាជិកសភា១៩០រូបបោះឆ្នោតប្រឆាំង ហើយសូម្បីតែគណបក្សរបស់លោកផ្ទាល់ក៏ជំរុញឱ្យរូបលោកដកច្បាប់អាជ្ញាសឹកចេញ ផងដែរ។ នៅក្រោមច្បាប់កូរ៉េខាងត្បូង ប្រធានាធិបតីត្រូវតម្រូវឱ្យដកច្បាប់អាជ្ញាសឹកវិញជាបន្ទាន់ ប្រសិនបើសភាទាមទារឱ្យដកចេញក្នុងសំឡេងបោះឆ្នោតភាគច្រើន។ ប៉ុន្តែអ្វីដែលសំខាន់ នៅពេលនេះ គឺអនាគតនយោបាយរបស់លោក យូន កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ក្នុងពេលដែលសភាកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រឆាំងស្រាប់ផងនោះ៕